ធនាគារអភិវឌ្ឍន៍អាស៊ីរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

0

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជានៅ​កម្រិត ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥។ ជាមួយគ្នានេះ​អេឌីប៊ីបានបន្ថែមថា ដោយមានការកើនឡើង​តិចតួចនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បាន​បន្ថយការព្យាករអតិផរណាពីមុនរបស់​ខ្លួនពី ២,០% មកនៅត្រឹម ០,៥% សម្រាប់ឆ្នាំ២០២៤ នេះ ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ​កម្ពុជា ត្រូវបានស្រង់សម្ដីមកបញ្ជាក់ថា ៖«ការស្ទុះងើបឡើងវិ​ញនៃ​វិស័យ​វាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញ​ធ្វើដំណើរ កំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការ​វិនិយោគ​​ផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿន​សេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ចរឹងមាំ​នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»។

លោកស្រីបានបន្តថា ការបន្ទាបការព្យាករអតិផរណាឆ្លុះបញ្ចាំងពីការ​ថយ​ចុះថ្លៃទំនិញ និងសេវាទាក់ទិននឹងប្រេងឥន្ធនៈ រួមជា​មួយនឹង​ការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះ​នឹងជួយសម្រាលបន្ទុកចំណាយ​ចាំបាច់របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈមមុខនឹង​បញ្ហានានា​ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារការកើនឡើងនៃ​ថ្លៃម្ហូប​អាហារ និងប្រេងឥន្ធនៈ។

របាយការណ៍អេឌីប៊ីឱ្យដឹងថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើង​វិញ​ប្រមាណ ១៦,៩% ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើន​ការនាំចេញ​ផលិតផល​កម្មន្តសាលដទៃទៀតបានថយមកត្រឹម ១,៣% នៅក្នុងឆមាសទី១ ។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ក្នុងឆមាសទី១ ដោយសារសំណង់​ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករ​ថា នឹងកើនឡើង ៥,៤% នៅឆ្នាំ២០២៤ និងបន្តថយមកកម្រិត៥,២% នៅឆ្នាំ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រ​ដោយការ​កើនឡើង ២២,៧% នៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% នៃកម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយ​បន្តិចពី២,១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ មកនៅត្រឹម ២,០ ពាន់លាន ដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុននៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរនៃការវិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ។ ដោយឡែក ចំពោះ​ហានិភ័យ​ដែល​អាច​កើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា រួមមាន កំណើន​សេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋ​ប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់​ធ្ងន់ធ្ងរដោយសារអាកាសធាតុ។

សូមជម្រាបថា ធនាគារពិភពលោក (World Bank) ធ្លាប់បាន​ព្យាករថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ ២០២៤ និង ៦.១% នៅឆ្នាំ ២០២៥ ខាងមុខនេះ ៕