សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ដោយផ្តល់គោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យលើករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ថាតើសាលក្រមនេះមានទម្ងន់គ្រប់គ្រាន់តាមច្បាប់ជាធរមានហើយនៅ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា ករណីនេះគឺជាករណីគំរូមួយដល់អ្នក ដែលបើកបរក្នុងស្ថានភាពស្រវឹងដ៏ទៃទៀត។
ការបញ្ជារបស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានោះ សម្តេចធិបតី បញ្ជាក់ពីការធ្វើវិសោធនកម្មច្បាប់បន្ថែម ឱ្យស្របទៅនឹងទម្ងន់ច្បាប់ ក្នុងករណីការបង្កហេតុណាមួយ ដែលបង្កឱ្យមានការបាត់បង់ជីវិត។
គួរបញ្ជាក់ផងដែរថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ដែលប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានប្ញស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកញ្ញានេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ បានទទួលសំណង និងដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោះ្ម នាង សំអួន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោស ចប់ក្នុងពន្ឋនាគារ ៕