សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ភាពរឹងមាំរបស់វិស័យអប់រំថ្នាក់ឧត្តមសិក្សា អាចធ្វើទៅបាន ត្រូវការភាពរឹងមាំចាប់ផ្តើមពីបឋមសិក្សា មធ្យមសិក្សាឡើងមក ព្រោះជាកិច្ចការងារប្រទាក់ក្រឡាគ្នា ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ធ្វើផែនការមុន ចាប់ផ្តើមធ្វើសកម្មភាពបុរេសកម្ម ហើយក្រសួងអប់រំ បានធ្វើកិច្ចការងារនេះជាច្រើន មិនមែនត្រឹមតែឧត្តមសិក្សាទេ” ។
ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា “ការកែសម្រួលគោលនយោបាយថ្នាក់ឧត្តមសិក្សា ក៏បានពង្រឹងច្រើន ប៉ុន្តែមុននោះយើងក៏បានកែសម្រួល តាំងពីថ្នាក់បឋមមូលដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា ព្រោះប្រទាក់ក្រឡាគ្នា បើគ្មានមូលដ្ឋានរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេ យើងគ្មានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សាទេ” ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ការកែសម្រួល ការដឹកនាំអនុវត្ត ការកែទម្រង់ក៏ដូចជាការតាមដានជំរុញជាប្រចាំ របស់ក្រសួងអប់រំ គឺជាកិច្ចការដែលត្រូវធ្វើ ហើយត្រូវធ្វើជាប្រចាំ”៕