ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានចាស់បុរាណចាត់ទុកជាបុណ្យធំជាងគេក្នុងចំណោមពិធីបុណ្យដទៃទៀតសម្រាប់ពលរដ្ឋខ្មែរ ដែលត្រូវបានខ្មែរយើងប្រកាន់ខ្ជាប់ និងគោរពប្រតិបត្តិតៗគ្នាតាំងតែពីបុរាណកាលមករហូតដល់សព្វថ្ងៃ។ ក្នុងពិធីបុណ្យនេះ ពលរដ្ឋខ្មែរត្រូវប្រារពពិធីកាន់បិណ្ឌចំនួន១៤ថ្ងៃមុននឹងដល់ភ្ជុំធំ ពោលគឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
ជារៀងរាល់ឆ្នាំពេលដល់រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បងប្អូនខ្មែរតែងតែមិនព្រងើយកន្តើយឡើយ ដោយនាំកូនចៅ សាច់ញាតិសន្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមជានិច្ច។ សម័យដើមឡើយ ឬសូម្បីតែសម័យនេះក្តីនៅពេលរដូវបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌមកដល់ម្តងៗគេតែងឃើញទិដ្ឋភាពពលរដ្ឋខ្មែរពិសេសតាមស្រុកស្រែចំការតែងម្នីម្នា នាំគ្នារៀបចំស្លៀកពាក់តាមប្រពៃណី យួរចានស្រាក់ ខ្លះមានម្ហូបអាហារដោយកាន់ យួរ កណ្តៀត ទូល រែក យកចង្ហាន់ទៅវត្ត។ ក្តីសប្បាយរីករាយនៃការជួបជុំ រួមផ្សំការធ្វើបុណ្យទានគឺជាការជ្រះថ្លានៃប្រពៃណីដ៏ផូរផង់របស់ខ្មែរមិនអាចកាត់ថ្លៃបានរបស់ពួកគាត់សោះឡើយ។
ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម័យពុទ្ធកាលគេហៅថាពិធីទំនុកបម្រុង ឬផ្គត់ផ្គង់ព្រះសង្ឃនារដូវវស្សា។នៅសម័យពុទ្ធកាលគេក៏មិនធ្វើកន្លះខែដែរ ពោលគឺគេប្រារព្ធធ្វើឡើងរយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ សម្រាប់ប្រទេសកម្ពុជាបានកំណត់យករយៈពេល១៥ថ្ងៃដោយអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋ ការយល់ដឹងរបស់ពុទ្ធសាសនិក និងចំណុចចុងក្រោយគឺបុព្វបុរសរបស់ខ្មែរយើងបានឱ្យប្រជាពលរដ្ឋមានលទ្ធភាពចូលរួមបានទាំងអស់គ្នា។ ក្រៅពីកត្តាខាងលើនេះចាស់បុរាណក៏បានយកថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំធំនេះ ដោយផ្សារភ្ជាប់ប្រទេសជាតិដែរគឺប្រទេសជាតិសុខសាន្តត្រាណ នឹកឃើញដល់អាយុសង្ខាររបស់យើងម្នាក់ៗដោយពុំមានបុគ្គលណាម្នាក់រស់នៅអមតៈនោះទេ ដូចនេះត្រូវធ្វើបុណ្យកុសលទុកជាទីពឹងពុំនាក់សម្រាប់ខ្លួនឯង និងឧទ្ទិសកុសលទាំងឡាយជូនបុព្វការីជនដែលបានបាត់បង់ជីវិតទៅ ក្រៅពីនេះក៏បង្ហាញពីសាមគ្គីភាពពីស្រទាប់ពលរដ្ឋខ្មែរតាំងបុរាណមកដល់បច្ចុប្បន្ន។
ឯកឧត្តមបានថ្លែងបញ្ជាក់ទៀតថា “កាលដើមឡើយបិណ្ឌ១ ឬបិណ្ឌផ្សេងៗទៀតគឺជាការកាន់វេនតាមភូមិតាមក្រុម។ ទាំងនេះគឺជាការបង្ហាញការពួតដៃគ្នាធ្វើបុណ្យធ្វើទានរួមគ្នា។ ខ្មែរយើងទោះមានក្រ ទុក្ខលំបាកប៉ុនណាគឺមិនចោលទៅវត្តអារាមទេ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះមានតាំងតែសម័យពុទ្ធកាលរហូតមកដល់បច្ចុប្បន្នយើង”។
ទាក់ទិននឹងរឿងនេះ អ្នកស្រី ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនជាតិពូនងនៅតំបន់នេះក៏តែងគោរពប្រពៃណីខ្មែរ ហើយតែងទៅវត្តកាន់បិណ្ឌយ៉ាងខ្ជាប់ខ្ជួន។ ក្រៅពីគោរពប្រពៃណីខ្មែរ ជនជាតិពូនងក៏គោរពប្រពៃណីជនជាតិដើមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដូចគ្នា និងបានលើកឡើងថា ”ខ្ញុំបានទៅវត្តកាន់បិណ្ឌបានចំនួន២ទៅ៣ដងហើយ។ ប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំជាពិធីធំៗសំខាន់ៗហើយជនជាតិពូនងតែងចូលរួមមិនដែលខានទេ”។
ជាមួយគ្នានេះដែរ លោក សាមក្រឹក អាយុ៥២ឆ្នាំ រស់នៅភូមិពូត្រុំ ឃុំមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងពីជនជាតិពូនង ជារៀងឆ្នាំបានគោរពប្រពៃណីខ្មែរដូចគ្នាបងប្អូនខ្មែរយើងទូទៅដែរ។ គ្រាន់តែអ្នកខ្លះសែនព្រេនតាមភូមិ និងខ្លះក៏ទៅវត្ត។
គួរបញ្ជាក់ថាកាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត្រ។ ហេតុដូច្នេះ ទើបបណ្តាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង៧សណ្តាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទានដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្តីលំបាកវេទនា។
ចំពោះបុណ្យភ្ជុំបិណ្ឌនេះដែរ បុរាណាចារ្យរាជបណ្ឌិតខ្មែរបានរៀបចំឱ្យរាល់ថ្ងៃកាន់បិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌក្តី នៅពេលពុទ្ធសាសនិកយកចំណីចំណុកមកវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់ពីនោះ ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ អ្នករៀបចំវេននីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែល អញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះជានិច្ច៕