ជាថ្ងៃចុងបញ្ចប់នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះទោះជាផ្ទៃមេឃជួនមានភ្លៀងរលឹមតិចៗ ជួនរលឹមផ្សែងក្រូចក្តី ក៏ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបានមកប្រមូលផ្តុំខាងមុខប្រាង្គប្រាសាទអង្គរដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា។
សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ជាការកត់សម្គាល់បើទោះជារយៈពេល៣ថ្ងៃនេះផ្ទៃមេឃមិនអំណោយផលក្តី ក៏ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្តនាព្រឹកព្រលឹមដែលមានសម្រស់ដោយឡែក និងធាតុអាកាសត្រជាក់ស្រេង។
ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះជាលើកទីពីរដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។
សូមជម្រាបថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីតែងតែកើតឡើងក្នុងមួយឆ្នាំចំនួនពីរដង គឺនៅខែមីនា និងខែកញ្ញា៕