ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីស្ថានភាពអាកាសធាតុ ព្យុះទី១៤ ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងសម្ពាធទាបដែល កើតឡើងនៅសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង ហើយបានបក់បោកលើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យបណ្តាខេត្តមួយចំនួនទទួលបាននូវបរិមាណទឹកភ្លៀងពីតិចបង្កទៅច្រើន និង បន្ថែមបរិមាណកើនឡើងបន្តទៀត ទើបកម្លាំងកងពលត្រូវរៀបចំផែនការត្រៀមអន្តរាគមន៍បន្ទាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ករណីមាន គ្រោះមហន្តរាយកើតឡើងជាយថាហេតុ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយនោះដែរលោកឧត្តមសេនីយ៍បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្រៅពីកម្លាំងចំណុះ ទីបញ្ជាការកងពល កងកម្លាំងដែលឈរជើងនៅក្រៅអង្គភាព ក៏បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមផែនការផងដែរ៕