ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទី ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ចទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីពិនិត្យគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានតម្លៃ២៥៧លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្ប ទានពីAFD ចំនួន២១០លានដុល្លារ។
ការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ជាមួយនឹងការផលិតទឹក ស្អាតបន្ថែមចំនួន១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបានបន្ថែមការ ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ១៤៧.០០០គ្រួសារ និងធ្វើឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបាន ប្រមាណ ១.១៧៧.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ចេញពី រោងចក្រ ទាំង៥ សម្រាប់អតិថិជន គ្រោងសរុបប្រមាណ៥៨៧.០០០គ្រួសារ និងមានបំពង់ចែកចាយប្រមាណ៦.២០០គីឡូម៉ែត្រ នៅឆ្នាំ២០២៧។
គួររំលឹកថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ ខែងជំហានទី១ និងជំហានទី២ អនុវត្តពីពីឆ្នាំ២០២០-២០២៤ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ,ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុបចំនួន៣៥០អឺរ៉ូ។
ចំណែកគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ចាប់ពីឆ្នាំ២០២៤-២០២៧ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង និងខេត្តជាប់រាជធានីភ្នំពេញ សំដៅធានាឱ្យបានការប្រើប្រាស់ទឹកស្អាត សម្រាប់ទាំងអស់គ្នា។
គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានតម្លៃ ២៣៧លានដុល្លារ ក្នុងនោះហិរញ្ញប្បទានពីAFD មានចំនួន២១០លាន ដុល្លារ, ថវិកានៅសល់ពីគម្រោងរបស់AFD សម្រាប់ការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ចំនួន៥លានដុល្លារ, ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ចំនួន១២លានអឺរ៉ូ(ជាង១៣លានដុល្លារ), ថវិការបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញមានចំនួន៤២លានដុល្លារ, និងការរួមចំណែកពីថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាពីពន្ធ និងអាករផ្សេងជាបន្ទុករបស់រដ្ឋ៕