កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ

0

កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កម្ពុជា និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​មហា​អនុ​តំបន់​មេគង្គ និង​លោក​ជំទាវ Fatima Yasmin អនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួល​បន្ទុក​ខាង​វិស័យ និង​ផ្នែក និង​ប្រធាន​ប្រតិភូ ADB ព្រមទាំង​មានការ​ចូលរួម​ពី​គណៈប្រតិភូ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​មហា​អនុ​តំបន់​មេគង្គ​ចំនួន ៦​ប្រទេស ដែល​រួម​មាន​ប្រទេស​ចិន កម្ពុជា ឡាវ ថៃ មី​យ៉ា​ន់​ម៉ា និង​វៀតណាម​។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​មហា​អនុ​តំបន់​មេគង្គ (GMS) គឺជា​វេទិកា​កម្រិត​ខ្ពស់​ដែល​រដ្ឋមន្ត្រី​បរិស្ថាន​មក​ពី​បណ្តា​ប្រទេស GMS មក​រួម​គ្នា​ដើម្បី​ពិភាក្សា និង​សម្របសម្រួល​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បរិស្ថាន​ក្នុង​តំបន់ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​លើក​ទី​៦ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុម័ត​នូវ​ឯកសារ​សំខាន់​ចំនួន​២ គឺ ១៖ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ GMS 2030 សម្រាប់​ការ​ព​ន្លឿ​ន​សកម្មភាព​អាកាសធាតុ និង​ចីរភាព​បរិស្ថាន និង ២៖ សេចក្តីថ្លែងការណ៍​រួម​រាជធានី​ភ្នំពេញ​ស្តី​ពី​ការ​ទប់ស្កាត់​ការ​បំពុល​ប្លា​ស្ទិ​ក​នៅ​ក្នុង GMS ការ​ចែករំលែក​ចំណេះដឹង​ក្នុង​តំបន់ និង​ការ​កសាង​សមត្ថភាព​នៅ​ទូ​ទាំង GMS ក៏​ដូច​ជា​កំណត់​កម្មវិធី​ឆ្ពោះទៅ​មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២១ GMS បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព រួម​ទាំង​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។ គោលបំណង​នៃ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ GMS 2030 សម្រាប់​ការ​ព​ន្លឿ​ន​សកម្មភាព​អាកាសធាតុ និង​ចីរភាព​បរិស្ថាន គឺ​ដើម្បី​ផ្តល់​ដល់​សកម្មភាព​ជា​អាទិភាព​ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្ត​ឆ្ពោះទៅ​សម្រេច​បានការ​ប្តេជ្ញា​ចិត្ត​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ស្តី​ពី​ភាព​ធន់​នឹង​អាកាសធាតុ ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការ​អភិរក្ស​ជីវៈចម្រុះ និង​ចីរភាព​បរិស្ថាន​។

ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ GMS 2030 បង្កើត​ជា​មូលដ្ឋាន​សម្រាប់​កិច្ចសហការ​ស្តី​ពី​អាកាសធាតុ និង​បរិស្ថាន តាម​រយៈ​កម្មវិធី​ជំនួយ​បច្ចេកទេស ព្រមទាំង​កម្មវិធី​វិនិយោគ និង​ការ​គាំទ្ររ​ផ្នែក​ហិរញ្ញប្បទាន​។

កម្ពុជា​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដោះស្រាយ​ការ​បំពុលបរិស្ថាន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​។ កម្ពុជា​បាន​លើក​ជា​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ការ​បង្ការ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​ក្នុង​មហា​អនុ​តំបន់​មេគង្គ ដើម្បី​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក តាម​រយៈ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»៕