ខេត្តសៀមរាបត្រូវបានវាយតម្លៃថាជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់រវាងមន្ត្រីរដ្ឋាភិបាលដែលមានឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ឹង គឹម លាង អភិបាលរងខេត្តសៀមរាប ព្រមទាំងអស់ប្រធាននាយកដ្ឋាន រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធប្រមាណ៦០នាក់ចូលរួម នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងធ្វើការបង្ហាញវិធីសាស្ត្រ ដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់ វាយតម្លៃដែលបានរកឃើញជាក់ស្តែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប និងការបើវេទិកាពិភាក្សាតវ៉ា និងប្រមូលធាតុចូលបន្ថែមរវាងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តសាមី ជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិ លើលទ្ធផលដែលរកឃើញដោយមានបង្ហាញភ័ស្តុតាងជាក់ស្តែង។
លោក អ៊ឹង គឹមលាង បានបន្តទៀតថា ក្នុងខេត្តសៀមរាបមានអង្គការដៃគូចូលរួមចំនួន១៤អង្គការ ក្នុងនោះអង្គការដែលលេចធ្លោគឺអង្គការភ្លែន ដោយលោកបានរំលឹកថា ១០ឆ្នាំមុន គឺឆ្នាំ២០១៤ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត៤០,២០ភាគរយ ដែលក្នុងនោះដែរខេត្តសៀមរាបពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនោះទេ ប៉ុន្តែ១០ឆ្នាំក្រោយ គិតត្រឹមខែសីហាឆ្នាំ២០២៤នេះ អត្រាគ្របដណ្តប់អនាម័យបានឡើងដល់១០០ភាគរយ។
ក្នុងសិក្ខាសាលានោះដែរ ឯកឧត្តម ជាម ហ៊ីម បានកោតសរសើរចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដែលត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់ខេត្ត ដោយឈរលើស្មារតីនៃការការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ និងធ្វើឱ្យខេត្តសៀមរាប នឹងអាចឈានទៅលើសពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF Plus នៅថ្ងៃខាងមុខនេះជាក់ជាមិនខាន ដោយឯកឧត្តមបានបញ្ជាក់ថា អង្គសិក្ខាសាលាបានឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF យោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នានិងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិនិងអង្គការដៃគូដែលសម្រេចជាឯកច្ឆន ជូនខេត្តសៀមរាប ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ទោះបីជាខេត្តសៀមរាបទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថាយើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ។ តាមពិតយើងនៅមានការងារច្រើនទៀតក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាពិសេសការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខបន្ថែមទៀត៕