ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវ និងស្ពាននៅខេត្តស្ទឹងត្រែង

0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្ដម ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងនៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ កាលព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យការដ្ឋានផ្លូវ និងស្ថានភាពផ្លូវចំនួន ៥ខ្សែ ដូចខាងក្រោម ខ្សែទី១ ជាប្រភេទផ្លូវក្រាលបេតុងប្រវែង ៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិអូត្រែល ឆ្លងកាត់ភូមិកាំងតេជោ ភូមិថាឡាបរិវ៉ាត់ ឃុំថារាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ។ ផ្លូវនេះមានលូមូល ១៦កន្លែង លូប្រអប់ ២កន្លែង និងមានស្ពានបេតុង ២កន្លែង (ស្ពានទី១ប្រវែង ៣០ម៉ែត្រ និងស្ពានទី២ ប្រវែង ៩០ម៉ែត្រ)។

ផ្លូវមួយខ្សែនេះមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលអាចជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវឱ្យកាន់តែប្រសើរឡើង។ ខ្សែទី២ ជាប្រភេទផ្លូវបេតុងមានប្រវែង ១៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តភ្ជាប់ពីភូមិកាំងមេម៉ាយ ឃុំកោះសំពាយ ទៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ទៅភូមិកោះសំពាយ ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក។ នៅលើកំណាត់ផ្លូវនេះមានលូមូលចំនួន ៣១កន្លែង លូប្រអប់ ៧កន្លែង និងមានស្ពានបេតុងចំនួន ៩កន្លែង។ ផ្លូវទាំងពីរខ្សែខាងលើនេះ ជាផែនការរបស់រាជរដ្ឋាភិបាលស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហានទី១ ។

ខ្សែទី៣ មានប្រវែងសរុប ១៥,៧៥គីឡូម៉ែត្រ ក្នុងនោះផ្លួវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,៨២គីឡូម៉ែត្រ និងផ្លូវក្រាលបេតុង មានប្រវែង ៣,៩៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក។ នៅលើកំណាត់ផ្លូវនេះ មានលូមូលចំនួន ២២កន្លែង លូប្រអប់ចំនួន ២កន្លែង លូអ៊ុយ ៥៣៤ម៉ែត្រ និងស្ពានបេតុងចំនួន ២កន្លែង ប្រវែងសរុប ៥០ម៉ែត្រ។ ជាលទ្ធផលសម្រេចបាន ៣០% ដែលស្ថិតក្នុងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ ពាណិជ្ជូបណីយកកម្មកសិកកម្ម។ ខ្សែទី៤ ជាប្រភេទផ្លូវល្បាយក្រួស មានប្រវែង ៥,៥៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ នៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក មានលូមូលចំនួន ១៣កន្លែង ស្លាកសញ្ញាចរាចរ ២៤កន្លែង បង្គោលសុវត្ថិភាពចរាចរចំនួន ៣២បង្គោល និងខ្សែទី៥ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានប្រវែង ១៥គីឡូម៉ែត្រ សហការស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូរប្ញស្សីកណ្ដាល ឃុំអូរប្ញស្សីកណ្ដាល ឆ្ពោះទៅ ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅឃុំកោះសំពាយ ឃុំស្រែក្រសាំង និងនៅសហគមន៍កសិកម្ម អ៊ុឃួងរុងរឿងស្ថិតក្នុងឃុំស្រែក្រសាំងផងដែ។ ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ និងបានជម្រាបជួនពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្ដាញគមនាគមន៍ជនបទ ដែលរួមមានផ្លូវ ស្ពាន ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល និងទៅទទួលយកសេវាសាធារណៈ រួមមានមន្ទីពេទ្យ វត្តអារាម សាលារៀន និងសេវាផ្សេងៗទៀត សំដៅកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការថ្លែងអំណរគុណចំពោះក្រសួងសាធារណៈការ និងដឹកជញ្ជូនផងដែរ ដែលបានជួយសហការអភិវឌ្ឍន៍ផ្លូវជនបទមួយខ្សែ ដោយធ្វើការលើកកម្រិតផ្លូវពីដីក្រហមទៅជាផ្លូវកៅស៊ូពីជាន់ DBST ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូកផងដែរ ក្រោមឆ័ត្ររួមនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕