អភិបាលរងខេត្តកំពង់ធំបន្តដឹកនាំកម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនារដូវបិទនេសាទ

0

លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អមដំណើរលោក អ៊ុង វុទ្ធីអភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដល់ព្រែកតាសោមធំ ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០៣ ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន ១២ របាំង ប្រវែង ៣៦០០ ម៉ែត្រ ឡុកចំនួន ៤១ គ្រឿង លប/លូចំនួន ៤១ មាត់ បង្គោល ចំនួន ២៥០០ ដើមនិងបានចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់ ៥០ គីឡូក្រាម ចូលទន្លេវិញ។ កាណូតអូសលៀសចំនួន២គ្រឿង កន្រ្តងអូសលៀស ចំនួន២គ្រឿងនិងលៀសចំណីសត្វ ចំនួន ១០៥០ គីឡូក្រាម ចាក់ចូលទន្លេវិញផងដែរ។

នៅថ្ងៃជាមួយគ្នានេះដែរសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិដូនស្តើង រហូតដល់ចំណុចបាក់ដាវ ស្ថិតក្នុងភូមិដូនស្តើង និងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៤ របាំងប្រវែង១១០០ម៉ែត្រ ឡុកចំនួន៨គ្រឿង លប/លូចំនួន១១មាត់ បង្គោលចំនួន ១២០០ដើមនិងចាក់លែងត្រីស្រស់ចម្រុះចំនួន២០គីឡូក្រមចូលទន្លេវិញ។

ក្រោយទទួលបានបទបញ្ជាពីលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបង្ក្រាបបទ លោក វរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង បានអញ្ជើញលោកមីន រស់នៅភូមិរលាំងទ្រុង មកធ្វើការណែនាំពន្យល់ពីការនេសាទនៅរដូវបិទនេសាទ (ពេលត្រីពងកូន) ត្រូវស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ ឱ្យមកទីបញ្ជាការស្រាលដើម្បីរក្សាទុក។ បើមិនដូច្នោះទេក្រុមការងារនឹងទៅកាប់រុះរើបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ។ ជាចុងក្រោយលោកក៏បានយល់ព្រម និងយកឧបករណ៍នេសាទល្មើសច្បាប់លប/លូ ចំនួន១០ មាត់ មកប្រគល់ឱ្យទីបញ្ជាការស្រាលឃុំពាមបាងនៅស្នាក់ការជលផលអន្លង់តាអោន។

ទន្ទឹមនឹងនេះ សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំនៅស្រុកស្ទោង ដឹកនាំដោយលោក គង់ សំអាត អភិបាលរងស្រុក ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចក្បាលត្រពាំងតាកន ត្រពាំងកំភ្លាញ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី ដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន១០របាំង ប្រវែង១០០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៤របាំង ប្រវែង១២០០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លូចំនួន៤៤ មាត់ បង្គោលចំនួន៦០០ដើម និងបានចាក់លែងកូនត្រីស្រស់ចម្រុះទំងន់៥០គីឡូក្រាម ចូលទន្លេវិញ។

ដោយឡែកសង្កាត់រដ្ឋបាលជលផលបារាយណ៍ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅស្រុកបារាយណ៍ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចតាម៉ូ ស្ថិតនៅភូមិសាស្ត្រឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាលទ្ធផលប្រទះឃើញ០១ករណីការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់(ឧបករណ៍ឆក់ត្រី) ដោយបានបន្សល់ទុកវត្ថុតាងដូចជា ដុំភ្លើងឆក់ ០៤ គ្រឿង អាគុយ៤០អំពែរ ០៦ គ្រឿងដងឆក់០៤គូ ខ្សែភ្លើងប្រវែង១២ ម៉ែត្រហើយជនសង្ស័យគេចខ្លួនបាត់៕