រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ធ្វើឱ្យកុមារអាចចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ ខាងមុខ

0

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ គឺដើម្បីបន្តផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ខាងមុខនេះ និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅរបស់ពួកគេ ដែលការឧបត្ថម្ភនេះមានវិសាលភាពគ្របដណ្តប់លើសិស្សានុសិស្ស ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ និងកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ការលើកឡើងរបស់ឯកឧត្តម ជា សុមេធី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌អាចមកចុះឈ្មោះចូលរួមទទួលផលពីកម្មវិធីបានគ្រប់ៗគ្នា គឺទាមទារឱ្យមានការពង្រឹងបន្ថែមទាំងយន្តការគ្រប់គ្រង សមត្ថភាព ការផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក៏ដូចជាក្រុមគោលដៅ ទើបអាចឈានទៅសម្រេចជោគជ័យបាន ហើយថាចំពោះវត្តមានរបស់អ្នកចូលរួមក្នុងសិក្ខាសលានៅថ្ងៃនេះ វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវបានកំណត់យ៉ាងច្បាស់ថា ជាតួអង្គសំខាន់ៗ ក្នុងការរួមចំណែកសម្រេចបាននូវភាពជោគជ័យ សម្រាប់ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកន្លងមក ដែលបានផ្តល់ឱកាសឱ្យកុមារបានចុះឈ្មោះចូលរៀន មករៀនទៀងទាត់ ព្រមទាំងបានបង្កើនគុណភាពអប់រំនៅគ្រប់កម្រិតសិក្សាបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ក៏មិនបានកាត់ផ្តាច់ទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡានោះដែរ ដោយគ្រាន់តែបង្វែរការបើកផ្តល់សាច់ប្រាក់ឱ្យមកស្ថិតក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ហើយក្រសួងអប់រំ យុវជន និងកីឡា នៅតែដើរតួយ៉ាងសំខាន់លើការងារបច្ចេកទេសអប់រំ និងការអនុវត្តលក្ខខណ្ឌដដែល៕