ឯកឧត្តម គួច ចំរើន ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់

0

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល នៅ​ពេល​ពេល​ជួប​សំណេះសំណាល​ជា​មួ​មន្ត្រី​សាលាស្រុក កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ធ្វើការ​ណែនាំ​ដល់ ក្រុមហ៊ុន​ព្រៃ​គុប ខន​ស្ត្រា​ក់ សិន ក្រុមហ៊ុន​ទឹក​ស្អាត ង៉ែ​ន និង​ក្រុមហ៊ុន លង្វែក វេឡុ​ក​ម៉ិ​ន វ៉​ត​ធើ​រសឹប​ផ្លា​យ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុងស្រុក​ពញាឮ ត្រូវ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​ករណី​ផ្គត់ផ្គង់​ទឹក​មិន​គ្រប់គ្រាន់ និង​បញ្ហា​ទឹក​កខ្វក់​ជាដើម ត្រូវ​ខិតខំ​ព​ន្លឿ​ន​ក្នុង​កា​រត​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​នៅ​តំបន់​ដែល​ខ្លួន​ទទួល​បាន​សិទ្ធ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​មិន​ទាន់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ។

ការងារ​ចម្បង​ចំពោះ​មុខ​នៅ​ពេល​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ទៅ​លើ​ការងារ​ត​បណ្ដា​ទឹក​រង​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើការ​ត​ភ្ជាប់​ទៅ​បណ្ដាញ​មេ​រួច​បញ្ជូន​ទឹក​ស្អាត​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង​។ ក្រុមហ៊ុន​ត្រូវ​មានការ​ប្ដេជ្ញា​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ខ្លួន​ដែល​ជួប​ប្រទះ ដើម្បី​សម្រួល​ដល់​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ដំណើរការ​បាន​កាន់តែ​រលូន​។ អាជ្ញាធរ មន្ទីរ​ជំនាញ ត្រូវ​ដឹកនាំ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ទាំងអស់​ក្នុងស្រុក ទៅ​មើល​តាម​គោលដៅ ភូមិ​-​ឃុំ ដែល​កំពុង​តែ​ជួប​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សម្រេចចិត្ត ពង្រីក​សេវា​របស់​ខ្លួន នៅ​ទីតាំង​ទាំងនោះ​ថា​បាន ឬ​មិន​បាន​យ៉ាងណា​ត្រូវ​ដោះស្រាយ​ត្រូវ​រួម​គ្នា​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​។

បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ហើយ​ក្រុមហ៊ុន​ទាំងអស់​ត្រូវធ្វើ​ផែនទី​ស្តី​ពី​ផ្ត​ត់​ផ្គង​ទឹក​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់ លាស់ មាន​វឌ្ឍនៈភាព​ការងារ ពីព្រោះ ឯកឧត្តម​អភិបាលខេត្ត នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​រៀង​រាល់ ១​ខែ​ម្ដង ដើម្បី​ត្រួតពិនិត្យ​ការងារ ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​អ្នកបច្ចេកទេស​ផ្ទាល់ សំដៅ​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុងស្រុក​ពញាឮ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ ។
ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​បន្ថែម​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត ថា​ទឹក​ស្អាត​គឺជា​រឿង​សំខាន់​ណាស់ គឺជា​អាទិភាព​ទី​៣ ក្នុង​ចំណោម​អាទិភាព​ទាំង​៥ របស់​រាជរដ្ឋាភិបាល​នីតិ​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ ពោរពេញ​ដោយ​ថាមពល និង​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​មានការ​ប្ដេជ្ញា​ចិត្ត​ទាក់ទង​ជាមួយ​ការ​ផ្ដល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ ដោយ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​ដំណាក់កាល​ទី​មួយ គឺ​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ពីព្រោះ​ស្ថិត​ក្នុង​សម័យនេះ​ហើយ​មិន​ត្រូវធ្វើ ឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត់​ទឹក​ប្រើ ឬ​ប្រើប្រាស់​ទឹក​កខ្វក់​ទៀត​ឡើយ​។

សូម​ជម្រាប​ថា ចំពោះ​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ទឹក​ស្អាត​នៅ​តាម​ឃុំ និង តាម​ការ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ឃើញ​ថា​ភូមិ ឃុំ មានទឹក​ប្រើប្រាស់ តែ​ទឹក​មិនសូវ​មានគុណ​ភាព ទឹក​ចេញ​តិច មិន​គ្រប់​តាម​តម្រូវការ មាន​ចំនួន ៨២​ភូមិ ១១​ឃុំ ក្នុងស្រុក​ពញាឮ ។ ភូមិ​-​ឃុំ មិន​ទាន់​ត​បណ្តាញ ទឹក​ចូល​ដល់​មាន​ចំនួន ២៨​ភូមិ ៦​ឃុំ ក្នុង​នោះ​ក្រុមហ៊ុន​ទឹក​ស្អាត​សន្យា​ត​បណ្តាញទឹក​ចូល ភូមិ​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥​។ ភូមិ​-​ឃុំ ដែល​មិន​ទាន់​មាន​អាជ្ញា​ប័ត្រ​ចូល​ដល់​នៅ​សល់ ចំនួន ១៤​ភូមិ ៣​ឃុំរ​៕