ឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមការងារបច្ចេកទេសបានចុះពិនិត្យស្ថានភាពការងារជួសជុលស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៥៨,២៥គម ចាប់ពីស្ពានសេកុង ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែង។ យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា ដំណើរចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវនេះ បានធ្វើឡើងនៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបង្កើនល្បឿនជួលជុលផ្លូវរបៀងតភ្ជាប់ព្រំដែនកម្ពុជា-ឡាវ និងច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល នេះ ដែលជាច្រកទ្វារមួយស្ថិតក្រោមកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខណ្ឌជាច្រើន មានជាអាទិ៍ ក្របខណ្ឌទ្វេភាគីកម្ពុជា-ឡាវ ក្របខណ្ឌត្រីភាគីកម្ពុជា-វៀតណាម-ឡាវ (CLV) ក្របខណ្ឌមហាអនុតំបន់មេគង្គ GMS-CBTA និងក្របខណ្ឌអាស៊ានផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លំហូរចរាចរណ៍នៅចំណុចច្រកទ្វារត្រពាំងក្រៀល(កម្ពុជា)-ណងណុកខៀន(ឡាវ) ចាប់ផ្តើមមានសន្ទុះជាបណ្តើរៗ ដោយមានក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា បានមកស្នើសុំអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ ពីខេត្តសៀមរាប ឬពីរាជធានៅភ្នំពេញ ទៅ/មក ទីក្រុងប៉ាក់សេ ប្រទេសឡាវ ដែលអាចសម្រួលក្នុងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ៕