រយៈពេល ៨ខែនៃឆ្នាំ២០២៤ កម្ពុជាចេញអង្ករចំនួន ៤១២ ០២៣ តោន និងទទួលបានចំណូល ៣០៥លានដុល្លារអាមេរិក។ចំណែកស្រូវវិញត្រូវបាននាំចេញចំនួន ៣ ៣១៨ ៥៩២ តោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ៩១៨.១៦ លានដុល្លារ។នេះបើយោងតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា ក្នុងអំលុងពេលនេះកម្ពុជាបាននាំចេញអង្ករ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន ២៦ ក្នុងបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារ ។ទន្ទឹមនេះកម្ពុជាបាននាំចេញអង្ករចំនួន ៧៧ ៧៩២ តោន ទៅកាន់ប្រទេសចិន រួមទាំង ហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧ លានដុល្លារ។
ប្រភពដដែលបន្ថែមថា កម្ពុជាក៏បាននាំអង្ករទៅកាន់បណ្ដាប្រទេសក្នុងអាស៊ានចំនួន៧ប្រទេស រួមមាន ទីម័រខាងកើតផង ក្នុងបរិមាណ ចំនួន ៨៣ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩ លានដុល្លារ និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ជាដើមចំនួន ៤២ ៩២៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៦៩ លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញទៀតថា ចំពោះប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូបចំនួន ៧០.៩២% ,ប្រភេទអង្ករស ធម្មតា ២៣.៧៥% ,អង្ករចំហ៊ុយ ៣.១៣% ,អង្ករសរីរាង្គចំនួន ១.៨៩% និងអង្ករផ្សេងៗចំនួន ០.៣២% ។កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣១៨ ៥៩២ តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់ប្រមាណជាង ៩១៨.១៦ លានដុល្លារ ក្នុងនោះ ៨៣.៧៧ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងកន្លងទៅថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣ តោន កើនឡើង៣ ភាគរយបើធៀបនឹងឆ្នាំ២០២២ ជាមួយទឹកប្រាក់ចំនួន ៤៦៦ លានដុល្លារ កើនឡើង ១៣ ភាគរយ។
ក្នុងឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក៕