អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមហោះហើរសាក ល្បងនៅថ្ងៃ៨ ខែកញ្ញានេះ

0

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ​សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ​ការ​ហោះហើរ​ពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ​ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ​វិទ្យុទាក់ទងជាដើម។

ឯកឧត្តមបញ្ជាក់ថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសស​ម្រាប់​ហោះ​ចុះឡើង ដើម្បីធានាថា ឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន​ដ្ឋាន​ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង​អនុញ្ញាត​ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះ​យក្ស​របស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នក​ដំណើរ​បានច្រើនជាង ៥០០នាក់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាន​ថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ។ អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារក្នុងអំឡុង​ត្រីមាស​ទី១ នៃឆ្នាំ ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាង​ត្បូងរាជធានី​ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២ ៦០០​ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និង​ក្រុមហ៊ុន OCIC របស់ប្រទេសចិន៕