អ្នកជំនាញបន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ដែលមាន​ចំណាស់ជាងមួយពាន់ឆ្នាំ

0

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិ​ប្រាសាទ​ពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក អ្នកជំនាញ​អាជ្ញាធរ​ជាតិអប្សរា បានបន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង​៣៦ម៉ែត្រជា​បន្តទៀត។ ប្រាសាទភ្នំបាខែងត្រូវបាន​កសាង​នៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។

លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង​បញ្ជាក់ថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខា​ត​ស្ទើរតែ​៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណប​បាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និង​ជញ្ជាំងបានខូចខាតបាត់​បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់​តាមកន្លៀត​​ថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរ​ច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែក​រួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤​ខាងមុខ។

លោក ជីវ ភារម្យ បន្តថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរ​ទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។ ជាមួយគ្នានោះដែរ ក៏បានជួស​ជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុល​ជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេច​បាន៨០ភាគរយ។

សូមជម្រាបថា ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ​ស្ថិតនៅ​ចំពីលើកំពូល​ភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទី​ក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅ​ចន្លោះប្រាសាទ​អង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉ម​ប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់​ទាញភ្ញៀវទេសចរ​បានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅ​ចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកម្ពស់ ៦៥ម៉ែត្រ។

ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកម្ពស់ ៤៥ម៉ែត្រ។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋាន​សួគ៌​៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុន​ពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទ​ភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុង​មួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ៕