កាលានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងព្រឹត្តិការណ៍មជ្ឈមណ្ឌលបៃតងសកលឆ្នាំ២០២៤ និងការតាំងពិព័រណ៍ឧស្សាហកម្មបរិស្ថានពិភពលោក នៅទីក្រុងប៊ូសាន-ប្រទេសកូរ៉េ

0

ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍មជ្ឈមណ្ឌលបៃតងសកលឆ្នាំ២០២៤ Global Green Hub Korea 2024 និងការតាំង ពិព័រណ៍ឧស្សាហកម្មបរិស្ថានពិភពលោក World Climate Industry Expo នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ ដែលព្រឹត្តិការណ៍សកលនេះរៀបចំរួមគ្នាដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និងក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមផងដែរពីតំណាងប្រទេសជាច្រើនផ្សេងទៀត កាលពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៤ ។

កម្មវិធីសំខាន់នៃព្រឹត្តិការណ៍នេះបែងចែកជា០៣ គឺ ១) វេទិកាទស្សនៈវិស័យបៃតងសកល Global Green Vision Forum, ២) សិក្ខាសាលាស្តីពីគម្រោង Project Seminar និង ៣) ការជួបជជែកពិភាក្សាមួយទល់មួយស្តីអំពីកាលានុវត្តន៍ការងារ និងកិច្ចសហប្រតិបត្តិការផ្សេងៗ (1:1 Business Meeting)។ ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក បានចែករំលែកនូវចំនុចមួយចំនួនដូចជា៖ ទិដ្ឋភាពទូទៅ និងស្ថិតិប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រម្ពុជា ការបង្ហាញពីវឌ្ឍនភាពគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSAC) បង្ហាញពីកាលានុវត្តន៍នៃការវិនិយោគ ផ្តល់សេវាទីប្រឹក្សា និងសេវាសាងសង់ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីគម្រោង (Project Seminar) ព្រមទាំងទទួលជួបពិភាក្សាដាច់ដោយឡែកជាមួយក្រុមហ៊ុនធំៗកូរ៉េចំនួន៩ ស្ដីពីកាលានុវត្តភាពការងារ និងកិច្ចសហប្រតិបត្តិការផ្សេងៗផងដែរ។

ជាលទ្ឋផលក្រុមហ៊ុនវិនិយោគមួយចំនួនក៏បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ និងសន្យាជួយបង្កើតកិច្ចសហប្រតិបត្តិការពង្រីកលើវិស័យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់តាមរយៈ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA, កម្ចី EDCF, ស្ថានទូតកូរ៉េប្រចាំកម្ពុជា Korean Embassy ឬតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ក្រៅប្រទេស ODA នានា៕