ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បង្ហាញបំណងចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា

0

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) ដឹកនាំដោយនាយកគ្រប់គ្រងទូទៅ លោក Yang Jie ដើម្បីពិភាក្សាអំពីបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ CRBC ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់កម្ពុជា ជាពិសេសគម្រោងធំៗដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិតជាដើម។ ឯកឧត្តមបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើវិស័យទឹកស្អាត ដែលបច្ចុប្បន្នមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ក្រុមហ៊ុននៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អវិស័យអាទិភាពនេះ ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមពីវិស័យឯកជន។ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុន CRBC ឱ្យចូលរួមដេញថ្លៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនានា ព្រមទាំងស្នើឱ្យក្រុមហ៊ុនគិតគូរលើយុទ្ធសាស្រ្តមួយចំនួន ដូចជាការប្រមូលផ្តុំប្រតិបត្តិករឯកជនតួចៗដើម្បីទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ឬការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដើម្បីផលិតទឹកដុំលក់ជូនរដ្ឋាករទឹកក្នុងតម្លៃប្រកួតប្រជែង។

តំណាងក្រុមហ៊ុនសាជីវកម្ម CRBC បានលើកឡើងថា ក្រុមហ៊ុនមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសចំនួន៦៦ និងគម្រោងកំពុងដំណើរការចំនួន៣៩១ ក្នុងទំហំទឹកប្រាក់កិច្ចសន្យាប្រមាណ១៩,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ ក្រុមហ៊ុនក៏បានលើកឡើងអំពីជំនាញ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយរំលេចនូវគម្រោងជោគជ័យនៅក្នុងតំបន់ទីក្រុងនៃប្រទេសមួយចំនួន៕