បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ​ខេត្តកែប ​និងខេត្តកំពត​ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន

0

ខេត្តកំពត និងខេត្តកែប គឺជាខេត្តចំនួន២ ក្នុងចំណោមខេត្តចំនួន៤ ​ព្រែកជីកហ្វូណ​នតេជោ ឆ្លងកាត់។ពិសេសខេត្តទាំង២ ជាខេត្ត​ភ្ជាប់ ទៅកាន់សមុទ្រផ្ទាល់ ។ខណៈនេះ​វិនិយោគិនបរទេស​និងក្នុងស្រុក​ជាច្រើន​បានចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​នៅខេត្ត​ទាំង២។

​​​ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកំពត និងខេត្តកែប បាន​លើកឡើងថា​ បន្ទាប់ពីរាជ​រដ្ឋាភិបាលកម្ពុជា​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីក ហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ​ក៏មាន​អ្នកវិនិយោគ​ប​រ​ទេ​ស​​មួយ​ក្រុមស្វែង​រក​ការ​វិនិ​យោ​គ​​លើអគារ​កំពុង​ដំណើរការ​នៅក្នុង​ខេត្តកែប និង​វិនិយោគ​លើ​សណ្ឋាគារ ឬបដិសណ្ឋារកិច្ច​​នៅក្នុង​ខេត្ត​នេះ។ ភ្នាក់ងារដដែលបានកត់សម្គាល់ថា សកម្មភាពក្រុមវិនិយោគិន បានកើតឡើងតែប៉ុន្មានសប្ដាហ៍ក្រោយការបើកការដ្ឋាន និងស្រ​បពេលរាជ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​​ដំ​ណឹង​ស្ដីពីការ​បន្ត​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​កម្រិ​ត​ខ្ពស់​​នៅក្នុង​ខេត្ត​កែប ។ ការ​អភិវឌ្ឍឆ្នេរ​កម្សាន្ត​នេះដែរ នឹង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមពី​ក្នុង​ក្រៅប្រទេស​ និងក្នុង​ប្រទេស​ចូលមក​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ខេត្ត​កែប​​និងកំពត​បន្ថែមទៀត ។​

លោក​ជិន ណារិ​ន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនសាន់​សាញ​រៀល​អ៊ីស្ទេត​ បានប្រាប់បណ្ដាញសារព័ត៌មានថា​​ ដោយសារ​តែខេ​ត្ត​កែប​និង​កំពត​ជា​ខេត្ត​ដែល​បំពេញបន្ថែមឱ្យ​គ្នា ដូច្នេះ​នៅពេល​ខេត្ត​ណាមួយ​មានការ អភិវឌ្ឍ​ វា​នឹងធ្វើឱ្យ​ទេ​ស​ច​រ​​និងវិនិយោគិន​អាច​ស្វែង​រក​តំបន់​ដែល​នៅជាប់គ្នា​នោះ ជាក់​ស្ដែង​នៅ​ពេលរដ្ឋាភិបាល​អភិវឌ្ឍ​ព្រែកជីក​ហ្វូណន​តេជោ ពីទន្លេបាសាក់​មកកាន់ខេត្តកែប ​និង​គម្រោងអភិវឌ្ឍន៍ឆ្នេរ​កម្សាន្ត​កម្រិត​ខ្ពស់​នៅក្នុ​ងខេត្ត​កែប វា​ក៏នឹង​ធ្វើឱ្យខេត្ត​កំពត​មានសក្ដានុពល​ក្នុងការទាក់ទាញ​ការ​វិនិយោគមួយ​កម្រិតទៀត​ផងដែរ​។លោកបន្តថា វឌ្ឍ​នភាព​នៃហេដ្ឋារចនាសម្ព័ន្ធ​ដែលរាជរដ្ឋាភិបាល​​បាននិងកំពុង អភិវឌ្ឍន៍​ លោកជឿថា​នៅពេល​អនាគត ខេត្តកែប និង​កំពត​កាន់តែមាន សក្ដានុព​ល​ទាក់ទាញ​ការ​វិនិយោគ និងមានវិនិយោគិន​ក្នុងនិងក្រៅ​ប្រទេស​​ចូលមក​បណ្ដាក់ទុន។

ស្រដៀងគ្នានេះដែរ លោក លឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្ត កែប បានបញ្ជាក់ថា​ តាំងពីការ​ប្រកាស​សាងសង់ព្រែកជីក​មក​េម្ល៉ះ មាន​អ្នក​ស្វែងរកទិញដី​ទាំង​ខ្នាតតូច​ៗ​និងធំ ជាច្រើន ប៉ុន្តែ​អ្នកទិញ​ចង់​បាន​តម្លៃទាប ក្នុង​ពេល​ស្ថាន​ភាព​​​មិនទាន់ប្រសើរ ហើយ​អ្នកលក់​ចង់លក់​ក្នុងតម្លៃខ្ពស់ ដោយគិតថា​សក្ដានុពល​តំបន់នេះ​កាន់តែ​ល្អ​ប្រសើរ ។ដូច្នេះ​ការទិញលក់​មិនសូវ​មានច្រើនទេ តែ​សម្រាប់​អចលនទ្រព្យ​ណា​ដែលមានតម្លៃទាប​ជាង​ទីផ្សារ​ឃើញថា​មា​នកា​រ​​ទិញលក់​ច្រើន​ដដែល​ ៕