ព្រឹត្តិការណ៍ GUMBALL 3000 នឹងបង្កើតរូបភាពជាប្រវត្តិសាស្ត្រនៅវិមានឯករាជ្យ និងមុខប្រាសាទអង្គរ បង្ហាញទៅកាន់ពិភពលោក

0

ភ្នំពេញ៖ ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងប្រារព្ធនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ដោយ​មាន រថយន្តទំនើបៗរួមមាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។ជាមួយគ្នានេះក្រសួងទេសចរណ៍បានជូនដំណឹងដល់សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។

ឯកឧត្ដម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងក្នុងកិច្ចប្រជុំរួមគ្នារវាងសាលារាជធានីភ្នំពេញ ក្រសួង​ទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុងគ្រុបកាលពីថ្ងៃទី ២៧ ខែសីហាថា ព្រឹត្តិការណ៍ដ៏ធំ និងមានភាពល្បីល្បាញប្រជុំដោយបុគ្គល​មានឥទ្ធិពលជាច្រើន មានអ្នកតាមដានរាប់លាននាក់ លើប្រព័ន្ធផ្សព្វផ្សាយនេះ នឹងមកបង្កើតទំព័រប្រវត្តិសាស្ត្រជាច្រើនក្នុង​ប្រទេសកម្ពុជា ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្សព្វផ្សាយ ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ឧកញ៉ា លាង ពៅ (ភីធើរ)សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នេះ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនជីបម៉ុង បានជ្រើសរើសយកទីតាំងសំខាន់ៗ តំណាងឱ្យអត្តសញ្ញាណ​ប្រទេសកម្ពុជា ដើម្បីបង្កើតបានជារូបភាពជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ឱ្យពិភពលោកបានឃើញ តាមរយៈរូបភាពដែលនឹង​ផ្សព្វផ្សាយ ដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មកពីជុំវិញពិភពលោកតាមរយៈក្បួនរថយន្ត GUMBALL 3000 នេះ។

ឯកឧត្ដម គុជ បញ្ញាសា និងឧកញ៉ា លាង ពៅ បានបញ្ជាក់ដូចគ្នាថា នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅរាជាធានីភ្នំពេញ​ក្បួន​រថយន្ត​របស់សមាជិក GUMBALL 3000 ប្រមាណ ១៣០ ទៅ ១៥០គ្រឿង រួមជាមួយរថយន្តទំនើបៗរបស់អ្នកចូលក្នុងប្រទេសកម្ពុជា​ប្រមាណជាង ៣០០​គ្រឿង​ទៀត នឹងធ្វើការចតនៅបរិវេណវិមានឯករាជ្យ រហូតដល់ជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រយៈពេលជាង ១ម៉ោង ចាប់ពីម៉ោង ២រសៀល ដើម្បីឱ្យមហាជនបានទស្សនា ក៏ដូចជាផ្ដិតយករូបភាពដ៏អស្ចារ្យបំផុតក្នុង​ប្រវត្តិ​សាស្ត្រ។

អ្វីដែលកាន់តែអស្ចារ្យលើសនេះទៀតនោះ ក្បួនរថយន្ត GUMBALL 3000 នឹងធ្វើការចត នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្តទំនើបៗរាប់រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ។ តាមរយៈរូបភាពដ៏អស្ចារ្យនេះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ហើយ​នេះ​ជាផលចំណេញដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៨ ខែសីហា បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ​ព្រឹត្តិការណ៍​ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។

សេចក្តីជូនដំណឹងបានប្រាប់ទៅសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាថា ក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជននឹងរៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បង​ពិព័រណ៍​រថយន្ត​ទំនើបប្រមាណ៨០គ្រឿង រួម ជាមួយ ម៉ូតូធំចំនួន១០០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូច នៅបរិវេណសួនព្រះរាជដំណាក់ ថ្ងៃទី៣១ ខែសីហា និងការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះចាស់ ខេត្តសៀមរាបថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងន័យនេះ ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពអញ្ជើញ សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូន​មន្ទីរពេទ្យ​កុមារអង្គរតាមរយៈគណនីលេខ 10071367 ឈ្មោះ GUMBALL 3000 X CHIP MONG APK។

សូមជម្រាបដែរថា កាលពីថ្ងៃទី២៧ ខែសីហានេះ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំរួមគ្នារវាងថ្នាក់ដឹកនាំរដ្ឋបាលរាជ​ធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុង គ្រុប រួមទាំងដៃគូសហការផ្សេងទៀត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ GUMBALL 3000 Rally នៅរាជធានីភ្នំពេញ ក៏ដូចជានៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ៕