កំពត៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់ក្នុងការដំឡើងមុខនាឡិកាដែលមានអង្កត់ផ្ចិតជិត១០ ម៉ែត្រ។
តាមមន្ត្រីជំនាញបានឱ្យដឹងថា សមិទ្ធផលថ្មីរបស់ខេត្តកំពត នូវនាឡិកាខ្នាតធំ ដែលកម្ពស់ ៣៥ម៉ែត្រនេះ នឹងដំឡើងរួចរាល់ក្នុងថ្ងៃនេះ។
លោកបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
នាឡិកាធំ និងខ្ពស់ជាងរបស់កម្ពុជា ត្រូវាបនរៀបចំពិធីក្រុងពាលីដំឡើង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវហ៊ុនចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកាកម្ពស់៣៥ ម៉ែត្រ និងមានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រហើយតាមរចនាបទខ្មែរ ត្រូវបានដំឡើង។
តាមការលើកឡើងឯកឧត្តមអភិបាលខេត្តកំពតនាពេលថ្មីនេះ ថារដ្ឋបាលខេត្តគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីលម្អក្រុងកំពត ក៏ដូចជាទាក់ទាញទេសចរផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀត បាននិងកំពុងសិក្សាជិតរួចរាល់ផងដែរ៕