សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សិស្សពាក់ខោអាវចាស់ឬថ្មីមិនសំខាន់ទេ ព្រោះការអប់រំសំដៅលើការកសាងនូវមូលដ្ឋានក្នុងខ្លួនគឺចំណេះដឹងនិងឥរិយាបថ

0

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោកនាយក​សាលា​ត្រពាំង​ក្អែក ស្ថិត​នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ដែល​ចង់​ពង្រឹង​ការ​អនុវត្ត​វិធានការ​ជំរុញ​វិស័យ​អប់រំ (​គ​.​វ​.​អ​)​ឱ្យ​ល្អ ដូច​សាលា​បឋម​សិក្សា​វត្ត​រាជ​បូ​ណ៌​ខេត្តសៀមរាប​ដែល​សិស្ស​មាន​ឯកសណ្ឋាន​ល្អ​ៗ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យ​លោកនាយក​សាលា​ជាដំបូង​មិនបាច់​ប្រៀប​សាលា​ណា​ទេ ត្រូវ​ប្រៀបធៀប​សិស្ស​ខ្លួនឯង​ពី​មុន​ការ​អនុវត្ត​សាលា​គំរូ​និង​បច្ចុប្បន្ន តើ​មាន​អ្វី​ប្រែប្រួល​ល្អ​ទេ បើ​ល្អ​ជាង​មុន​នោះ​ហើយ​ជា​ជោគជ័យ​។

ចំពោះ​ការ​លើក​ឡើង​របស់​លោកនាយក​សាលា​ថា សាលា​របស់​លោក​នៅ​តំបន់​ដាច់​ស្រយាល សិស្ស​មិន​មាន​សម្លៀក​បំពាក់​ល្អ​ដូច​សាលា​នៅ​តាម​ទីប្រជុំជន​ទេ​នោះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា​«​អត់​សំខាន់​នៅ​ជនបទ​ឬ​នៅ​ទីក្រុង​ទេ ការ​អប់រំ​សំដៅលើ​ការ​កសាង​នូវ​មូលដ្ឋាន​ក្នុង​ខ្លួន ចំណេះដឹង​ហើយ​ឥរិយាបថ ខោអាវ​មិនបាច់​ទាល់តែ​លឿង មាន​លទ្ធភាព​ទិញ​ខោអាវ​កីឡា​ដូច​គេ ដូច​ឯង​ទេ ពាក់​ខោអាវ​ល្អ​មិន​ប្រាកដ​ថា រៀន​ពូកែ និង​ឥរិយាបថ​ល្អ​ទេ អ្នកខ្លះ​មាន​លុយ ឳ​ពុក​ម្ដាយ​ច្រើន ប៉ុន្តែ​អត់​ទៅ​រៀន​ទេ អាកប្ប​រិ​យា​មិនល្អ យើង​រៀន​គោលដៅ​សំខាន់​កសាង​ធនធានមនុស្ស ទៅ​ជា​មនុស្ស​ល្អ ពាក់អាវ​អី​ក៏​នៅ​តែ​ពូកែ​»​។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី​ក៏​បាន​សាកសួរ​លោកគ្រូ អ្នកគ្រូ​ពី​ការ​បន្ថែម​ម៉ោង​ការ​សិក្សា​សម្រាប់​បំប៉ន​សិស្ស​លើ​មុខ​វិជ្ជា​គណិត និង​ភាសា​ខ្មែរ​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា ការ​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​ជំហាន​សាកល្បង នូវ​កម្មវិធី​សិក្សា​បន្ថែម (​ឬ​ក្រៅ​ម៉ោង​) រយៈពេល ២​ម៉ោង ក្នុង​មួយ​ថ្ងៃ នៅ​តាម​សាលា​បឋម​សិក្សា​មួយ​ចំនួន ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន​។ នេះ​គឺជា​ជំហាន​មួយ សម្រាប់​ការ​អនុវត្ត​វិធាន​គន្លឹះ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រាប់​ពង្រឹង​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នៅ​តាម​សាលា​រដ្ឋ​៕