អ្នកសារព័ត៌មានអាស៊ីប្រមាណ ១៤០នាក់ជួបជុំគ្នានៅសិង្ហបុរី

0

បរទេស៖ បណ្តា​អ្នក​សារព័ត៌មាន​អាជីព​ចំនួន ១៤៣​នាក់​បាន​និង​កំពុង​ជួបជុំ​គ្នា​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ក្នុង​កម្មវិធី​ជំនួប​អ្នក​សារព័ត៌មាន​អាស៊ី AJF ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤​។

កម្មវិធី​ជំនួប​រយៈពេល ៤​ថ្ងៃ​ដែល​ត្តូ​វ​បាន​រៀបចំ​ឡើង​ដោយ​មូលនិធិ Temasek សហការ​ជាមួយ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ (IPS) នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​អាស៊ី (AJF) នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ឆ្នាំ​២០២៤ នេះ ដោយនៅ​ក្នុង​នោះ មាន​អ្នក​សារព័ត៌មាន​ចំនួន ១៤៣​នាក់ មក​ពី ២២​ប្រទេស​បាន​ចូលរួម​ក្នុង​ការ​ជួបជុំ​នេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អា​លេ​ន ច​ន (Alan John) នាយក​កម្មវិធី AJF​។

លោក​បាន​និយាយ​ថា ចាប់តាំងពី​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​អាស៊ី​នេះ​តាំងពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​សារព័ត៌មាន​ចូលរួម​ចំនួន ២៣៨​នាក់​ហើយ ដោយ​ពួក​គេ​សុទ្ធតែ​អ្ម​ក​សារព័ត៌មាន​អាជីព​មក​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី​ទាំង​ក្នុង​វិស័យ​ឯកជន អង្គការ និង​រដ្ឋាភិបាល​។

នៅ​ក្នុង​ជំនួប​នេះ លោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ឌី​ជី​ថ​ល និង​ព័ត៌មាន និង​ជា​រដ្ឋមន្ត្រី​ទី​ពីរ​នៃ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​សិង្ហ​បុរី បាន​ចូលរួម​សំណេះសំណាល និង​ផ្តល់​នូវ​ព័ត៌មាន​ថ្មី​ៗ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​សារព័ត៌​មាននៅ​សិង្ហ​បុរី ក៏​ដូច​ជា​ក្នុង​តំបន់ ព្រមទាំង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្មុ​ង​ការ​ប្រ​យុ​ទ្អ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​អត្ថប្រយោជន៍ ក៏​ដូច​ជា​ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ទៅ​លើ​សារព័ត៌មាន​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន ២​រូប​ចូលរួម​ផង​ដែរ ដែល​ជា​អតីត​អ្នក​សារព័ត៌​មាននៅ​មជ្ឈមណ្ឌល​ព័​ត៌​មាម​ស្ត្រី​កម្ពុជា (WMC) (AJF 2011) និង​អ្នក​សារព័ត៌មាន​មក​ពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៃ​ក្រសួង​ព័ត៌មាន (AJF 2021)៕