រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចប់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤ នៅខណ្ឌ១៤ទូទាំង១០៥សង្កាត់

0

ភ្នំពេញ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី លើ​សុខទុក្ខ និង​សុខុមាលភាព​ប្រជាពលរដ្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​ក្រុម​ជំនាញ​ការងារ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ជា​បន្ទាន់ ពោល​គឺ​បាញ់​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ដោយ​ប្រើប្រាស់​ប្រភេទ​រថយន្ត​ដឹក​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មូស​ខ្នាត​ធំ ដើម្បី​លុប​បំបាត់​ជម្រក​មូស​ខ្លា​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ចាត់ចែង​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តំបន់ និង​ទីតាំង​សំខាន់​ៗ​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត ពិសេស​នៅ​ភាគ​ខាងជើង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដូច​ជា​នៅ​តំបន់​អគ្គិសនី​កម្ពុជា បឹង​កក់ ស្ថិត​ក្នុង​ខណ្ឌទួលគោក ប្រឡាយ​អូ​បាក់​ទូក ប្រឡាយ​អូ​វែង ប្រឡាយ​១៩២៨ ដល់​ទំនប់​កប់​ស្រូវ តំបន់​សាកលវិទ្យាល័យ​អេ​ស៉ី​លី​ដា តំបន់​ឡានទឹក​នៃ​ស្នងការ​នគរបាល​រាជធានី ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ប្រឡាយ​ទួល​សំពៅ និង​ប្រឡាយ​អូ​អា​កុ​ជ ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​ជាដើម​។

លោក ងី មាន​ហេង បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​នៅ​ទូ​ទាំង​១០៥​សង្កាត់ នៅ​ថ្ងៃ​ទី​២៦-២៧ ខែសីហា ឆ្នាំ​២០២៤​នេះ​។ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែសីហា​ឆ្នាំ ២០២៤​នេះ យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ បាន​បាញ់​រួចរាល់​នៅ​ខណ្ឌ​ចំនួន​៨​ហើយ ដោយ​ក្រុមការងារ​នឹង​បន្ត​បាញ់​ចំនួន​៦​ខណ្ឌ​ទៀត​ឱ្យ​បាន​ចប់​រួចរាល់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

សូម​បញ្ជាក់​ថា តាម​រយៈ​យុទ្ធនាការ​បាញ់ថ្នាំ​មូស​សម្លាប់​មូស​ខ្លា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ទទួល​បាន​នូវ​ការ​គាំទ្រ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គិតគូរ​ពី​សុខទុក្ខ និង​សុខុមាលភាព​ប្រជាពលរដ្ឋ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺគ្រុនឈាម​៕