សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពលរដ្ឋទៅលេងកម្សាន្តនៅខេត្តចំនួន៤ ស្ថិតក្នុងតំបន់ត្រីកោណឱ្យកាន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍នៅទីនោះ

0

ភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នាំ​គ្នា​ទៅ​លេង​កម្សាន្ដ​នៅ​ក្នុង​ខេត្ដ​៤​ចំនួន​ស្ថិត​នៅ​ភាគ​ឦសាន ដែល​ជា​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ទេសចរណ៍​នៅ​ទីនោះ​ឱ្យ​កាន់តែ​ច្រើន​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី នៃ​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា​៖ «​សូម​បងប្អូន​ដែល​ឈឺឆ្អាល​រឿង​ជាតិ​ដែល​ទាំង​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ សូម​ប​ញ្ជេ​ញ​មតិ​ដោយ​ស្មារតី​យោគយល់​គ្នា គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ កុំ​ធ្វើ​អ្វី​ដែល​ជ្រុល​ប៉ះពាល់​ដល់​សន្តិភាព ធ្វើ​ឱ្យ​ខាតបង់​ប្រយោជន៍​របស់​យើង​ឱ្យ​សោះ​។ បើ​ស្រឡាញ់​ខេត្ត​ទាំង​៤​នេះ​និង​ព្រួយបារម្ភ​សូម​នាំ​គ្នា​ទៅ​លេង​ខេត្ត​៤​នេះ​ឱ្យ​ច្រើន ទៅ​មើល​ខេត្ត​នេះ​ឱ្យ​ច្រើន ទៅ​មើល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ទេសចរណ៍​នៅ​ទីនោះ​ឱ្យ​ច្រើន ដើម្បី​បងប្អូន​ចូលរួម​ផ្ទាល់​»​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បើ​ខ្លាច​បាត់​ខ្លាំង​សូម​នាំ​គ្នា​ទៅ​មើល​ដើរ​លេង​ឱ្យ​បាន​ច្រើន ដែល​ជា​ចំណុច​នេះ​ជា​ការ​ល្អ​មួយ​។ សម្តេច​ធិ​បតី​ក៏​បាន​អំពាវនាវ​ដល់​សមាគម​ឧកញ៉ា សមាជិក​សភាពាណិជ្ជកម្ម អ្នក​វិនិយោគ​កម្ពុជា​ទាំងអស់​រួម​គ្នា​តម្រង់​ទិស អាទិភាព​មួយ​ក្នុង​ការ​គិត​ពី​ការ​វិនិយោគ​របស់​ខ្លួន​រួម​គ្នា​ទៅ​វិនិយោគ​នៅ​ទិសឦសាន ដើម្បី​ឱ្យ​ខេត្ត​ទាំង​៤ នោះ​កាន់តែ​រីក​ចម្រើន​ខ្លាំង​។ សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា​៖ «​បង្កើន​មនុស្ស​តាម​រយៈ​ពីរ​ចំណុច គឺ​ទី​១ អ្នក​ដែល​នៅ​ទីនោះ​មាន​កូនចៅ​ច្រើន ទី​២ បង្កើន​សេដ្ឋកិច្ច​វិនិយោគ​នៅ​ទីនោះ​ឱ្យ​ច្រើន »​។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ធិ​បតី​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ស្រឡាញ់​ទឹកដី យើង​រួម​គ្នា កសាង​ប្រទេស​របស់​យើង ថែរក្សា​ទឹកដី​របស់​យើង បើ​ស្រឡាញ់​ជាតិ​ពិតប្រាកដ​រួម​គ្នា​ធ្វើអំពើ​វិជ្ជមាន ដើម្បី​ថែរក្សា​ខេត្ត​ទាំង​៤ ជំរុញ​សេដ្ឋកិច្ច ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ទាំង​៤​នេះ ជាមួយ​រាជរដ្ឋាភិបាល​៕