ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ក្នុងកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌតំបន់អភិវឌ្ឍន៍ត្រីកោណ គ្មានចែង ឬលើកឡើងពីការលើកលែងទិដ្ឋាការ និងការបំលាស់ទីដោយសេរី រវាងប្រជាជននៅក្នុងប្រទេសទាំងបីនោះទេ

0

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ដោយ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺ​គ្មាន​ចែង​នៅ​ក្នុង​ចំណុច​ណាមួយ និយាយ​លើក​ឡើង​ពី​ការ​លើកលែង​ទិដ្ឋាការ និង​ការ​បំ​លាស់​ទី​ដោយ​សេរី រវាង​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​បី​នោះ​ទេ​(​កម្ពុជា វៀតណាម ឡាវ​) ខណៈ​ពេល​ចេញ​-​ចូល ត្រូវ​សុំ​វី​សា និង​អនុវត្ដន៍​ដូច​កន្លែង​ផ្សេង​ៗ​ដូច​គ្នា អត់​មានអី​ខុស​គ្នា​នោះ​ទេ​។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី នៃ​មហា​គ្រួសារ​សមាគម ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ ២០២៤​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា​៖ «​អីចឹង​ខ្លាច​គេ​ចូល​មក​នៅ​ដោយ​សេរី រាប់​ពាន់ រាប់​ម៉ឺន រាប់​សែន​នាក់​អត់​មាន​ទេ យើង​ប្រជាជន​តិច​មែន គេ​ច្រើន​មែន ប៉ុន្ដែ​វា​មាន​របាំង​ច្បាប់ របាំង​អធិបតេយ្យ​ដែល​មិន​ឱ្យ​ហូរ​មក​ដោយ​សេរី​។ នេះ​គឺជា​ការ​ធានា​របស់​រាជរដ្ឋាភិបាល ដែល​មក​ដល់​ម៉ោង​នេះ គឺ​កិច្ចព្រមព្រៀង​ទាំងអស់​គឺ​គ្មាន​កន្លែង​ណា​និយាយ​អំពី​ការ​ដក​ចេញ​នូវ​ការ​ទាមទារ​លក្ខ​ខ័​ណ្ឌ​អន្ដោប្រវេសន៍​ដែល​អនុវត្ដន៍​កន្លែង​ផ្សេង​ៗ​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​នោះ​ទេ​»​។ សម្ដេច​ធិ​បតី​បាន​អះអាង​ថា ការ​ធ្វើ​បំ​លាស់​ទី​មនុស្ស និង​យានយន្ដ ត្រូវធ្វើ​តាម​ច្បាប់ និង​បទ​ប្ប​ញ្ញាតិ​នៃ​ប្រទេស​នីមួយ​ៗ ខណៈ​ពេល​ដែល​កម្ពុជា​ដឹក​ទំនិញ​ទៅ​ប្រទេស​វៀតណាម ចូល​ទឹកដី​គេ​ត្រូវ​គោរព​ច្បាប់​គេ​។ ចំណែក​វៀតណាម​ពេល​ដឹក​ទំនិញ​ចូល​ដី​យើង ចូល​ព្រំដែន​យើង​ត្រូវ​គោរព​ច្បាប់​យើង​។ «​នេះ​គឺ​អធិបតេយ្យភាព​ទាំង​រដ្ឋបាល និង​ច្បាប់​គឺ​នៅ​តែ​ជា​របស់​កម្ពុជា ហើយ​ទៅ​អនាគត​ក៏​នៅ​តែ​ជា​របស់​កម្ពុជា គ្មាន​គោលការណ៍​ដែល​ផ្ទេរ​ទៅ​ជា​របស់​ប្រទេស​ណាមួយ​នោះ​ទេ​»​។ នេះ​គឺជា​ការ​អះអាង​បន្ថែម​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​ពី​ការ​ជួល​ដី​ឱ្យទៅ​ប្រទេស​ជិតខាង​ហើយ គេ​នឹង​រុញ​ឱ្យ​មនុស្ស​ចូល​មក​រស់នៅ​ច្រើន ហើយ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគតិច​នៅ​កន្លែង​នោះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ជូន​ដោយ​លើក​ឡើង អំពី​ការ​កាន់កាប់​សិទ្ធិ​របស់​ជនបរទេស​នៅ​ក្នុង​ការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិឯកជន​នៅ​កម្ពុជា​ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ផ្អែក​ទៅ​លើ​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន និង​បទដ្ឋាន​គតិ​យុ​ត្ដ​ដែល​មាន​ជា​ធរមាន​។ សម្ដេច​ធិ​បតី​ក៏​បាន​បញ្ជាក់​ផង​ដែរ ដោយ​ទី​១ សារាចរ​ណែនាំ​លេខ​០៨ ស​.​រ ឆ្នាំ​២០១៥ បាន​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ​ជួល​ដីស្រែ ដីចម្ការ ឬ​លំនៅ​ឋាន នៅ​តំបន់​ព្រំដែន​ឱ្យទៅ​ប្រជាពលរដ្ឋ​ប្រទេស​ជិតខាង​ទោះជា​ក្នុង​រូបភាព​ណា​ក៏​ដោយ ហើយ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ដការងារ​នេះ​ឥត​មាន​ប្រែប្រួល​នោះ​ទេ​។ ទី​២ ការ​វិនិយោគ​តាម​អចលនទ្រព្យ គឺ​មានច្បាប់​ស្ដី​ពី​សិទ្ធិកម្មសិទ្ធិ​ចំណែក​ឯកជន​នៃ​អគារ សហកម្មសិទ្ធិ​ដល់​ជនបរទេស ដោយ​បាន​បញ្ជាក់​ច្បាស់​ថា ជនជាតិ​បរទេស​ដែល​ទិញ​ជា​ខុន​ដូរ ឬ អាច​មាន​សិទ្ធិ​ទិញ​ខុន​ដូរ​ពី​ជាន់​ទី​១​ឡើង ប៉ុន្ដែ​មិន​ឱ្យ​ទិញ​ជាន់​ផ្ទាល់​ដី ឬ​ជាន់​ក្រោម​ដី​នោះ​ទេ ហើយ​បើ​ទិញ​ដី នៅ​ជាន់​ផ្ទាល់​ដី​គឺ​មិន​អនុញាត​ឱ្យ​គ្រប់កន្លែង​ទាំងអស់​។ ប៉ុន្ដែ​ការ​ទិញ​របស់​ជនបរទេស​នេះ គឺ​មិនមែន​បាន​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ ទី​១ ទាល់តែ​លើស​ពី​៣០​គីឡូ​ពី​ព្រំដែន​គោក ទើប​អនុញ្ញាត​ឱ្យ​។ គោលការណ៍​នេះ មិនមែន​សំដៅ​តែ​ប្រទេស​វៀតណាម​នោះ​ទេ គោលការណ៍​នេះ​ទាំង​ប្រទេស​ឡាវ ទាំង​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​កម្ពុជា​ទាំង​បី​ប្រទេស​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​សិទ្ធិ​ក្នុង​ការ​ទិញ​អចលនទ្រព្យ​នេះ ជនបរទេស​អាច​ទិញ​ខុស​ដូរ​បាន​នៅ​ជាន់​ទី​១​ឡើង និង​ទិញ​ដី​លើស​ពី​៣០​គីឡូម៉ែត្រ ហើយ​ទិញ​ដី​នៅ​ក្រោម​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន អត់​មាន​សិទ្ធិ​ទិញ​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ​ទេ លើកលែងតែ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​នោះ​ទេ ក្រៅពី​នេះ​មិន​អាច​ទៅ​ទិញ​បាន​នោះ​ទេ មិន​ថា​ជាន់​ទី​១ ឬ​ជាន់​ទី​២​នោះ​ទេ ដែល​នេះ​គឺ​ច្បាប់​របស់​កម្ពុជា​បាន​អនុញ្ញាត​។ ចំពោះ​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន ជនបរទេស​អាច​ទិញ​ពី​ជាន់​ទី​១​ឡើង ហើយ​នៅ​ជាន់​ផ្ទាល់​ដី ឬ​ជាន់​ក្រោម​ដី​មិន​អនុញាត​ឱ្យ​មាន​នោះ​ទេ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ច្បាប់ និង​គោលការណ៍​ជា​ធរមាន​របស់​យើង​មាន​ច្រើន​ដែល​បងប្អូន​យើង​មិន​គួរ​ព្រួយបារម្ភ​នោះ​ទេ ដោយ​ចាប់តាំងពី​ឆ្នាំ​២០១២​មក រាជរដ្ឋាភិបាល​មិន​មាន​ចេញ​អាជ្ញា​បណ្ណ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ដ​ទៀត​នោះ​ទេ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​បច្ចុប្បន្ន​នេះ គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ចាស់​ទេ​។ សម្ដេច​ធិ​បតី​ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថ ការ​ផ្ដល់​ដី​សម្បទាន​ថ្មី​គឺ​មិន​មាន​នោះ​ទេ ជា​ពិសេស​ដី​នៅ​តាម​បណ្ដោយ​ព្រំដែន​គឺ​មិន​មាន​ទេ​។ សម្រាប់​កិច្ចសន្យា​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​កំណត់ និង​បាន​ប្ដូរ ដែល​កាលពីមុន​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​រយៈពេល​៩៩​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៥ បាន​កែ​មក​នៅ​ត្រឹម​៥០​ឆ្នាំ​។ ចំពោះ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ស្រាប់​មុន​ឆ្នាំ​២០១២ ត្រូវ​អនុវត្ដន៍​គោលការណ៍​ជា​ធរមាន ដែល​ក្នុង​នោះ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ត្រឹមតែ​១០​ភាគរយ ដែល​អាច​យក​ជនបរទេស​មក​បាន ក្រៅពី​នេះ​៩០​ភាគរយ ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅ​ក្នុងស្រុក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​៕