កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃសុក្រទី០២ ខែសីហា ឆ្នាំ២០២៤ បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន ដើម្បីដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ ខណៈដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួនរបស់ពួកគាត់កំពុងរងការគំរាមកំហែងពីគ្រោះធម្មជាតិទឹកជំនន់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយខេត្តកំពង់ធំ លើផ្ទៃដីប្រមាណជា១ម៉ឺនហិកតា។
ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញជាបន្ទាន់ព្រមទាំងមានវិធានការភ្លាមៗ ដោយបានប្រើប្រាស់កងកម្លាំងទាំងបី រួមជាមួយអេស្កាវទ័រ១០គ្រឿងលើកជាទំនប់ស្ទាក់ទឹក និងកន្លែងខ្លះត្រូវច្រកខ្សាច់ទប់ទឹក ដែលមានចម្ងាយប្រមាណជាង១ពាន់ម៉ែត្រ ស្ថិតនៅតំបន់ប្រឡាយក្អែកពុល សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដើម្បីជួយសង្គ្រោះស្រូវពីការជន់លិច។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមានការត្រេកអរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានចុះជួបគាត់ និងដោះស្រាយបញ្ហាភ្លាមៗ ជូនពួកគាត់ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មកលើប្រជាពលរដ្ឋ។
តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ទី០៣ខែសីហាឆ្នាំ២០២៤ឱ្យដឹងថាស្ថានភាពទឹកជំនន់ស្ទឹងសែននៅស្ថានីយ៍កំពង់ធំទឹកមានកម្ពស់១៣,៩០ម៉ែត្រ ខណៈស្ថានីយ៍ស្រុកសណ្ដាន់ ទឹកមានកម្ពស់១៩,០៦ម៉ែត្រ ដោយសង្កេតឃើញថាមានការស្រកចុះបន្តិចផងដែរ។ បើតាមសេចក្ដីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែសីហានេះដែរ ស្ថានភាពទឹកជំនន់ធ្វើប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន៤៩២៦ហិកតា និងខូចខាតទាំងស្រុងអស់ចំនួន២៦៧៦ហិកតា (ក្នុងដំណាក់កាលស្រូវផើមដាក់ទឹកដោះ និងជិតទុំ) លើ០៨ក្រុងស្រុក លើកលែងតែស្រុកប្រាសាទបល្ល័ង្គមួយដែលមិនទាន់រងផលប៉ះពាល់។ ការងារបង្កបង្កើនផលរបស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ អនុវត្តបានចំនួន២០៤២២៣ហិកតាស្មើនឹង៩៥,៧៥ភាគរយនៃផែនការខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាដែលមានចំនួន៦៧៨៤ហិកតា ព្រមទាំងបានធ្វើការប្រមូលផលបានចំនួន១០៩០០ហិកតា ដោយទទួលបានទិន្នផលមធ្យម៤,៧១៨តោនក្នុង១ហិកតា៕