ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែសីហានេះ បានអញ្ជើញ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប គឺឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ នាយឧត្តមសេនីយ៍ ទៀ សីហា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទី បំផុតជាមួយក្រុមគ្រួសារអាកាសយានិកចំនួន ២រូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ក្នុងនាមក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិកចំនួន ២រូប សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕