កំពត៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជារពី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង១២:១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង វ៉ាន់ថា ប្រធានមន្ទីរ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ៖ ឈ្មោះ ញ៉ែត ជីញ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៤កញ្ចប់តូចមានទម្ងន់១.៥៥ក្រាមថ្លឹងទាំងសំបកថង់, ទូរស័ព្ទចំនួន០១គ្រឿង, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ជក់មួយសម្រាប់។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសដើម្បីចាត់ការតាមនីតិវិធី៕