កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនិងជាមន្ត្រីអធិការកិច្ចម្ហូបអាហារ សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរដែនដី និងក្រុមប្រឹក្សាសង្កាត់ បានចុះត្រួតពិនិត្យលើទំនិញម្ហូបអាហារ ទំនិញវេចខ្ចប់ ទំនិញចម្រុះ និងផលិតផលប្រើប្រាស់ នៅក្នុងផ្សារបាត់ដឹង និងតាមផ្ទះលក់ទំនិញនានា បានចំនួន១១ទីតាំង ដែលស្ថិតនៅភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងរបស់មន្ត្រីជំនាញ មន្ត្រីយើងបានត្រួតពិនិត្យលើផលិតផលនិងទំនិញចម្រុះគ្រប់ប្រភេទ ជាពិសេសចំណីអាហារ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានធ្វើតេស្តបឋមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗនៅក្នុងចំណីអាហារបាន ១០គំរូរួមមាន៖
– ពពុះសណ្តែក ១គំរូ
– មីសសៃលឿង ១គំរូ
– ប្រហុកសាច់ត្រី ១គំរូ
– ងៀតក្បាលត្រីប្រា ១គំរូ
– គុយទាវសសៃធំ ១គំរូ
– លតអង្ករ ១គំរូ
– បាញ់កាញ់ ១គំរូ
– បង្គាស្រស់ ១គំរូ
– មឹកស្រស់ ១គំរូ
– បង្កងស្រស់១គំរូ
ដែលជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់នៅលើមុខទំនិញឬសំណាកគំរូទាំងនោះទេ យ៉ាងណាមិញ មន្ត្រីយើងបានរកឃើញនិងដកហូត នំសារ៉ាយសមុទ្រក្រៀម ចំនួន ០.៧ គីឡូក្រាម ស្មើនឹង១២០កញ្ចប់ (ហួសកាលបរិច្ឆេទប្រើប្រាស់) និងតម្រូវឱ្យម្ចាស់ទំនិញធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាកែតម្រូវបញ្ឈប់ការលក់ទំនិញមិនមានអនុលោមភាពតទៅទៀត។
ជាមួយគ្នានេះ ក្រោយការត្រួតពិនិត្យមន្ត្រីយើងបានចែកផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយអំពីការជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពចំនួន១៥ផ្ទាំងជូនដល់អាជីវករ និងក្នុងបរិវេណផ្សារផងដែរ៕