ឃាត់ខ្លួនជង្ស័យចំនួន២នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក សុខ និមល ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គិរី និង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ចែកចាយ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០២​ករណី​ផ្សេង​គ្នា ក្នុង​បទល្មើស​ជាក់ស្តែង ។

កិច្ច​ប្រតិបត្តិការ​ទី​០១ វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​អម្ពាន់ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គិរី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឆាយ ម៉ា​ប់ អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ បង្ក្រាប​បាន​ករណី​រក្សា​ទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ដាំ ដាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​អម្ពាន់ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ១២​ថង់ ។
-​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង
-​ម៉ូតូ​ម៉ាក​អិ​ច​ហ្សិត​ទ័​រ ចាស់​ពណ៌​ខ្មៅ​០១​គ្រឿង ។

កិច្ច​ប្រតិបត្តិការ​ទី​០២ វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​ក្រុម​២២ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ គិ​ន សុ​ផា​ន់​ណា ហៅ​ប៊ុ​ច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖

-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០២​ថង់ ។
-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១
-​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំ​ញៀន​លក់​មួយ​ចំនួន
-​ឧបករណ៍​សម្រាប់​ជ្រក់​ថ្នាំ​ញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គិរី និង​ក្រុង​បាត់ដំបង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕