ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញការអនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំថ្មីនៃគណៈកម្មាធិការមួយនេះ ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យខាងតែបាន និងបានគូសបញ្ជាក់ថា ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាត ជាពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់លេខ ០១បប «សម្អាតចក ចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀននៅកម្ពុជាមានការវិវត្តប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ និងគួរឱ្យព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ ការកែច្នៃផលិតក្នុងរូបភាពទ្រង់ទ្រាយធំក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ប្រភេទគ្រឿងញៀនដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទទឹកកក មិនមែនជាប្រភេទគ្រាប់ដូចមុន ការថយ ចុះនូវវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទទឹកកក គឺកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកប្រើប្រាស់។
ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាគោលការណ៍ណែនាំ និងផែនការនានា សំដៅធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព រួមមាន ផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សេចក្ដីណែនាំស្តីពីការរៀបចំយន្តការត្រួតពិនិត្យ គ្រឿងញៀនថ្នាក់រាជធានី ខេត្ត ដល់ខណ្ឌ ក្រុង/ស្រុក និងសង្កាត់/ឃុំ បទបញ្ជាលេខ ០១បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសេចក្តីព្រាងគោលនយោ បាយភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀនជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំបន្ថែមឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាលជនបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន សំដៅឱ្យគ្រប់មន្ត្រីទាំងអស់ ទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារទាំងខ្លួនឯង និងសមាជិកគ្រួសារពី អន្ទាក់នៃគ្រឿងញៀន និងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំនៅតាមគោលដៅកម្សាន្តនានាដែលជាទីពេញនិយមរបស់យុវវ័យ ដូចជា នៅតាមផ្សារទំនើប ក្លឹបកម្សាន្ត ខារ៉ាអូខេ និងរោងភាពយន្តជាប់ ប្រចាំ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីឥទ្ធិពលអវិជ្ជមានពីការប្រើប្រាស់គ្រឿងញៀន៕