កណ្តាល៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឃឹម សំភារ អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង លោក សែត វន្នី ចៅសង្កាត់សិត្បូ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ កម្លាំងប្រជាការពារភូមិ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញ។
ថ្ងៃព្រហស្បត្តិ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីលួចបើកលេងល្បែងជល់មាន់តាមអនឡាញខុសច្បាប់ចំនួន២ទីតាំង លោក សែត វន្នី ចៅសង្កាត់បានបញ្ជាអោយក្រុមប្រឹក្សា មន្ត្រីរដ្ឋបាលសង្កាត់ ដឹកនាំកម្លាំង មាន មេភូមិ អនុភូមិ ជំនួយការភូមិ ប្រជាការពារ ចុះទៅទីតាំងដែលមានការលួចបើកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន០២កន្លែង៖
១-ទីតាំងទី១ ផ្ទះ លោក ស៊ន វុទ្ធី ស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល
២-ទីតាំងទី២ ផ្ទះលោក ពេជ្រ សម្បត្តិ ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល
ក្រោយពីកម្លាំងចុះទៅដល់ទីតាំងដែលបានរាយការណ៍ពីប្រជាពលរដ្ឋ ឃើញថាមានករណីដូចដែលបានរាយការណ៍ប្រាកដមែន លោកចៅសង្កាត់បានហៅកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលមកកន្លែងទីតាំងប្រព្រឹត្តបទល្មើសធ្វើកំណត់ហេតុ ដោយក្នុងនោះកម្លាំងរបស់យើងបានដកហូតបាននូវ អាយ ភេដ ចំនួន២គ្រឿង ដែលជាឧបករណ៍បម្រើអោយការភ្នាល់ល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួន អ្នកកាន់អាយភេដ ១នាក់ ឈ្មោះ ដា ស្រីឡែន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ កណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាបុគ្គលិក ធ្វើការកត់ល្បែងជល់មាន់អនឡាញអោយថៅកែមិនស្គាល់ឈ្មោះ ហើយបានបញ្ជូនទៅកាន់អធិការក្រុងតាខ្មៅ ដើម្បីបន្តនិតិវិធី។
ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះក៏មានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ជា សុរក្សា អភិបាលរងក្រុងតាខ្មៅផងដែរ៕