ភ្នំពេញ៖ សព្វថ្ងៃនេះសាស្ត្រាស្លឹករឹតចាស់ៗកំពុងប្រឈម នឹងការខូចខាត និងការបាត់បង់ ហើយលើសពី នេះទៅទៀតអ្នកដែលមានសមត្ថភាពផលិត ឬចារសាស្ត្រាស្លឹករឹតថ្មីៗក៏មាន ចំនួនតិចតួចផងដែរ។ ហេតុនេះហើយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសាស្ត្រាស្លឹករឹត ត្រូវបានធ្វើឡើងរួមជាមួយ នឹងការថតរូបសាស្ត្រាស្លឹករឹតទុកជាឯកសារឌីជីថល ក៏មានកាន់តែច្រើន។
នេះបើតាមការការរៀបរាប់ នៅក្នុងខ្សែវីដេអូរយៈពេលខ្លីស្តីពី “ការអភិរក្ស សាស្ត្រាស្លឹករឹតខ្មែរ” ដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) កំពុងរៀបចំបញ្ចូលនូវ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីជួយសម្រួលក្នុងការវិភាគ ការធ្វើលិបិក្រម (ការរៀបលំ ដាប់អក្សរ) និងការស្វែងរកបានយ៉ាងរហ័ស និងមានប្រសិទ្ធភាពចំពោះខ្លឹមសារ និងចំណេះ ដឹងដែលបានកត់ត្រាទុកនៅក្នុងសាស្ត្រាស្លឹករឹតខ្មែរ ដែលប្រឈមនឹងការខូចខាត និងបាត់បង់នោះ។
តាមរយៈខ្សែវីដេអូនេះបានឱ្យដឹងថា គេហទំព័រ និងកម្មវិធីទូរស័ព្ទត្រូវបានបង្កើតឡើង ដើម្បីជួយដល់អ្នកស្រាវជ្រាវអ្នកប្រវត្តិសាស្ត្រ ក៏ដូចជាសាធារណៈជនទូទៅក្នុងការអាន និងការទាញយក ឯកសារប្រវត្តិសាស្ត្រខ្មែរដ៏សំខាន់មួយប្រភេទនេះ អាចក្លាយជាជំនួយ ដ៏មានអត្ថប្រយោជន៍មួយក្នុងការអភិរក្ស ក៏ដូចជាការលើកកម្ពស់ និងជំរុញការ ផ្សព្វផ្សាយសាស្ត្រាស្លឹករឹតខ្មែរដល់មនុស្សជំនាន់ក្រោយ ខណៈដែលក្រុមអភិរក្សអក្សរសាស្ត្រខ្មែរជារឿយៗ តែងតែអំពាវនាវដល់យុវជន ឱ្យចូលរួមថែរក្សាសាស្ត្រា ស្លឹករឹតបុរាណខ្មែរ ដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រជាតិ តាមរយៈឱ្យ យុវជនចូលរួមការអាន ការពារ ព្រមទាំងបំផុសឱ្យប្រជាពលរដ្ឋខ្មែរមានគំនិតស្រឡាញ់ និងគាំទ្រ ចំពោះសាស្ត្រាស្លឹករឹតខ្មែរ៕