ភ្នំពេញ៖ វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ១៧ ផ្តល់ឱកាសការងារចំនួន ១៤៥០ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។
ថ្លែងក្នុងពិធីបើក វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាងធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
ឯកឧត្តម បន្ថែមថា គោលបំណងសំខាន់បំផុតនៃវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួល ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ថែមទាំងជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ RULE ក៏ដូចជាក្រុមហ៊ុន សហគ្រាសដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA ក្នុងការនាំយកឱកាសការងារដ៏ច្រើនសម្បូរបែបជូនដល់និស្សិត និងយុវជន។
ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ព្រឹកមិញនេះថា ការទទួលបានព័ត៌មានអំពីឱកាសការងារ កម្មសិក្សាការងារ និងតម្រូវការជំនាញពីខាងនិយោជកផ្ទាល់ គឺជាមានសារសំខាន់ណាស់ សម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីទីផ្សារការងារនៅតាមស្តង់ក្រុមហ៊ុនទាំង១៧ នៅថ្ងៃនេះ និងត្រូវរៀបចំ CV ឲ្យបានត្រឹមត្រូវដើម្បីអាចដាក់ពាក្យស្វែងរកការងារ និងឱកាសកម្មសិក្សាការងារបានភ្លាមៗតែម្តង។
សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់ពីពេលឥឡូវនេះ រហូតដល់ម៉ោង ៥ ល្ងាច។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣ ២៣ ៧៨ និងតេលេក្រាម ឬ Coolapp ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕