បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន និងចាប់ខ្លួនជនជាតិចិន២នាក់ ជាមួយថ្នាំញៀនជាង ២០០គីឡូក្រាម

0

ភ្នំពេញ៖ មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចាប់ខ្លួន​ជនជាតិ​ចិន​២​នាក់ និង​ថ្នាំ​ញៀន​ជាង ២០០​គីឡូក្រាម ។

ការ​ឈាន​ដល់​ចាប់ខ្លួន​នឹង​ចាប់​បាន​គ្រឿងញៀន​នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​នេះ​បើ​តាម​មន្ទី​ប្រឆាំង​គ្រឿងញៀន​។

យោង​តាម​បណ្តាញ​សង្គម​របស់​មន្ទី​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖២០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១១) សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ខា ដែន​ណា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្ដាល បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត តាមដាន​មុខសញ្ញា​ស្ថិត​នៅ​ចំណុច​ផ្សារ​គគីរ ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ហើយ​ក៏​ពន្លាត​ដែនដី​មក​រាជធានី​ភ្នំពេញ រហូត​មក​ចាប់ខ្លួន​ជនល្មើស​ម្នាក់ នៅ​ចំណុច​ស្ពាន​កោះន​រា​ណ៍ សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​កម្លាំង​ជំនាញ​បន្ត​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់​ទៀត នៅ​ចំណុច​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនល្មើស​ចំនួន ០២​នាក់​រួម​មាន​៖
– ឈ្មោះ ថាវ វួ​យ (TAO WEI) ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៤១​ឆ្នាំ
– ឈ្មោះ ហ៊ើ សុង​ហ្វឹ​ង (HE XIONGFENG) ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៤២​ឆ្នាំ
ប្រភព​បន្ត​ថា​វត្ថុ​តាង និង​សម្ភារៈ​ចាប់​យក​បាន​រួម​មាន​៖
– សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន (Ketamine) សរុប​ចំនួន ២០០៧៨៤.៩៣​ក្រាម (២០០​គីឡូ ៧៨៤.៩៣​ក្រាម​)​។
– រថយន្ត​ចំនួន ០២​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង​។

ប្រភព​បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​ជនល្មើស​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕