ភ្នំពេញ៖ នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងភាគីវៀតណាម និងភាគីឡាវ។
តាមសម្ដេចតេជោ ប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) បានផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជា រួមមាន៖
ទី១ ជម្រើសផ្នែកសេដ្ឋកិច្ចដ៍ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ
ទី២ បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាមនិងឡាវ
ទី៣ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស
និងទី៤ សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។
សូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។
តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើង ឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕