សម្តេចតេជោ ហ៊ុន សែន ទាត់ចោលចំពោះការចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)

0

ភ្នំពេញ៖ ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទាក់ទិន​ទៅ​នឹង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ទាត់​ចោល​ចំពោះ​ការ ចោទប្រកាន់​ថា សម្តេច​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចូល​ដែនដី​ខ្មែរ​ទៅ​ក្នុង​ដី​របស់​វៀតណាម​តាម​រយៈ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ (CLV)​នោះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចូល​ដែនដី​កម្ពុជា ទៅ​ក្នុង​ដែនដី​របស់​ប្រទេស​វៀតណាម​ឡើយ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កម្ពុជា​មាន​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ព​ណិ​ជ្ជ​កម្ម​។ កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ទំនិញ និង​សេវា​។ កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ដឹក​ញ្ជូ​ន​តាម​ផ្លូវគោក កម្ពុជា​-​វៀតណាម និង​កម្ពុជា​ឡាវ​ជាដើម​មិនមែន​ជា​ការ​កាត់​ដី​ឱ្យ​គេ​ដូច​ជន​ជ្រុលនិយម​បំពុលសង្គម​និយាយ​នោះ​ទេ​។

សូម​បញ្ជាក់​ជូន​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នៃ​ប្រទេស​ទាំង​៣​មាន​ចំនួន ១៣​ខេត្ត ប្រទេស​វៀតណាម មាន​ចំនួន ៥​ខេត្ត (​ខេត្ត​កុន​ទុម ហ្កា​ឡាយ ដាក់​ឡាក់ ដា​ក់ណុង និង​ប៊ី​ង​ភឿ​ក​), ប្រទេស​ឡាវ មាន​ចំនួន​៤​ខេត្ត (​ខេត្ត​អា​តា​ពើ សាឡា​វ៉ា​ន់ សេ​កុង និង​ខេត្ត​ចំប៉ា​សាក់​) និង​កម្ពុជា មាន​ចំនួន​៤​ខេត្ត (​ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​)​។

តំបន់​អភិ​ឌ្ឍ​ន៍​ត្រីកោណ​នៃ​ប្រទេស​ទាំង​៣ ជា​តំបន់​ដែល​ប្រកបដោយ​សក្តានុពល មាន​ធនធានធម្មជាតិ និង​ជីវចម្រុះ​ជា​ច្រើន​វិស័យ​។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដើរតួ​នាទី​យុទ្ធសាស្ត្រ​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ក្នុង​កា​រត​ភ្ជាប់​តំបន់​របស់​យើង ឱ្យទៅ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​រស់​រវើក ដែល​អាច​ទាក់ទាញ​វិនិយោគ​គាំទ្រ​ដល់​បណ្តាញ​ផលិតកម្ម និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ នៅ​ក្នុង​មហា​អនុ​តំបន់​៕