ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀន

0

ភ្នំពេញ៖ កាលពី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រទេះភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ក្នុង​ករណី លួច និង​ករណី​គ្រឿងញៀន យក​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្រោយ​ពេល​ស្តាប់​ចម្លើយ​ឃើញ​ថា ជនសង្ស័យ ០១​នាក់ ឈ្មោះ សុខ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ជាប់​ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ និង​ប្រើប្រាស់​ដោយ​ខុ​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​បញ្ជូន មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ចំណែក​ជនសង្ស័យ​ចំនួន ០៤​នាក់​ទៀត ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ផង​ដែរ​។

ជនសង្ស័យ​ឈ្មោះ សុខ សុ​ភ័ក្ត្រ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នៅ​ទីតាំង​ខាងលើ ពិតប្រាកដ​មែន​។ ជនសង្ស័យ​បាន​បញ្ជាក់​ថា សព្វថ្ងៃ​ខ្លួន​ជា​អ្នកលក់​ចែកចាយ​ថ្នាំ​ញៀន​ផង និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ហើយ​រយៈ ពេល​កន្លង​មក ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​អ្នក​ដទៃ​ចំនួន ០១​គ្រឿង​ម៉ាក ហុងដា​វ៉េវ (​គ្មាន​លេខ​) កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​សិន​ជូ​រី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​បាន​បន្ថែម​ថា កន្លង​មក ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ០១​លើក កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយសារ​ធាតុ​ញៀន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕