យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ!

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ ១៩ និង ៣២​នាទី មាន​ករណី​បុរស​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង ០១​ដើម ម៉ាក AK47 កាន់​គំរាមកំហែង​ទៅ​លើ​ពលរដ្ឋ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ផង​ដែរ​។ ក្រោយមក​ជន​នោះ​បាន​កាន់​កាំភ្លើង​ដើរ​ចូល​រថយន្ត​វិញ រួច​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បុរស​នោះ​យក​មក​សួរនាំ​។

ជនសង្ស័យ​ឈ្មោះ សុខ មនោ​រម្យ អាយុ​៣៧​ឆ្នាំ មានមុខ​របរ ជា​យោធា បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន យក​កាំភ្លើង ០១​ដើម ម៉ាក AK47 គំរាមកំហែង ជន​រង​គ្រោះ នៅ​ទីតាំង​ខាងលើ គឺ​ដោយសារ​ជន​រង​គ្រោះ បាន​ចោទ​មក​លើ​ខ្លួន​ថា​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ជន​រង​គ្រោះ ហើយ​ខ្លួន​ក៏​ណាត់​ជន​រង​គ្រោះ​ដើម្បី​ដោះស្រាយ​ការ​យល់​ច្រ​លំ តែ​ដោយ​ជន​រង​គ្រោះ​មាន​បក្ខពួក ៤​ទៅ​៥​នាក់ មក​ព័ទ្ធ​ជុំវិញ​ខ្លួន និង​ឃើញ​មាន​ម្នាក់​សៀត​វត្ថុ​រឹង​នៅ​នឹង​ចង្កេះ​ផង​ទើប​ខ្លួនរ​ត់ទៅ​យក​កាំភ្លើង​ចេញពី​ក្នុង​ឡាន​ដើម្បី​គំរាម​ពួក​នោះ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្លួន​តែ​ម្តង​ទៅ​។ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច ថា​ខ្លួន​ពុំ​មាន​ទំនាក់ទំនង​អ្វី​ស៊ីជម្រៅ​ជាមួយ​ជនសង្ស័យ​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕