ចោរម្នាក់ ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះជាច្រើនលើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ពេល​ដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក កំពុងធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ មក​ដល់​ក្បែរ​ចំណុច ផ្ទះ​វីឡា​មួយ​កន្លែង​ដែល​ទុក​ចោល ស្ថិត​នៅ​ផ្លូវ​៣៥១ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់តែ​ឮ​សូរ​សម្លេង​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ថា​ចោរ​ៗ ក៏​បានឃើញ​ជនសង្ស័យ​រត់​ផ្លោះ​របង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពេល​នោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ គង់ ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ យក​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។

ជនសង្ស័យ​ឈ្មោះ គង់ ពិសី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​វិឡា​មួយ​កន្លែង​ដែល​គេ​ទុក​ចោល នៅ​ចំណុច​ខាងលើ តែ​ម្នាក់ឯង ពិតប្រាកដ​មែន ដើម្បី​លួច​យក​ដែក និង​ខ្សែភ្លើង ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បានឃើញ ក៏​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​ខ្លួន​មានការ​ភិតភ័យ​ក៏​រត់​លោត​ផ្លោះ​របង​ទៅ​ផ្ទះ​វីឡា​របស់​គេ​មួយទៀត​នៅ​ជិត​នោះ ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ជិត​នោះ ចុះ​មក​ដល់​ធ្វើការ​ចាប់​រូប​ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។ ជនសង្ស័យ​បាន​បញ្ជាក់​ថា កន្លង​មក ខ្លួន​ធ្លាប់​គាស់​ផ្ទះ​របស់​អ្នក​ដទៃ​លួច​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេង​ៗ ជា​ច្រើន​លើក និង ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន​ចំនួន​០២​លើក ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕