ក្រសួងពាណិជ្ជកម្មបានអោយដឹងថាផ្សារទំនើប និងម៉ាតចំនួន ១០ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore បានសម្រេចយល់ព្រមអោយផលិតផលកែច្នៃរួចគ្រាប់ស្វាយចន្ទី អាចយកទៅតាំងលក់នៅក្នុងទីកន្លែងរបស់ខ្លួនបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថាច្រកទីផ្សារនេះ អាចបើកបានគឺបន្ទាប់ពីតំណាងក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១២កក្កដា បានជួបប្រជុំពិភាក្សាស្តីពី «ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ ។
ចំពោះសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីទាំង១៤ ដែលទទួលបានសិទ្ធិដាក់តាំងលក់ផលិតផលក្នុង ទីផ្សារទំនើប និងម៉ាតខាងលើនេះរួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3CORECO ១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ។
សូមបញ្ជាក់ថា នេះគឺជាកិច្វប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឱ្យកាន់តែទូលំទូលាយ ៕