រយៈពេល៦ខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩០គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក

0

ភ្នំពេញ៖ គិត​ចាប់ពី​ខែមករា រហូត​ដល់ ខែមិថុនា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​ថ្មី គម្រោង​ពង្រីក​ផលិតកម្ម និង​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន ១៩០ គម្រោង ដែល​មាន​ទុន វិនិយោគ​សរុប​ប្រមាណ ៣,២​ពាន់ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦៨.៥៧២ កន្លែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

យោង​តាម​ការ​ចេញផ្សាយ​លើ​បណ្តាញ​សង្គម​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​វិនិយោគ​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា ជាមួយ​ឯកឧត្តម លោក​ជំទាវ ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ស្រប​តាម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាត់​ទុក​វិស័យ​ឯកជន​គឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ និង​គោះ​ទ្វារ​ទាក់ទាញ​វិនិយោគិន​ពី​គ្រប់​ទិស​ទី ដើម្បី​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាច​សម្រេច​បាន​ផែនការ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​៕