រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ការប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង”គឺជា សក្ខីភាពថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ជាប្រវត្តិសាស្ត្រ មិនអាចបំបែកបាន

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថាការប្រសិទ្ធនាមឈ្មោះផ្លូវ” មហាវិថី ស៊ី ជីនពីង” និងការរៀបចំពិធីជាផ្លូវការនាពេលនេះ គឺជា សក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជា ប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន។

ការថ្លែងរបស់ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងក្នុងពិធីសម្ភោធបង្កោលផ្លាកឈ្មោះផ្លូវ”មហាវិថី ស៉ីជិនពីង”នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាថាមហាវិថី ស៊ី ជីនពីង គឺជា សក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជា ប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបានព្រមទាំង បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្ត្រ និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមនូវកត្តិនាមនិងកិត្តិស័ព្ទរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុនៃសុខសន្តិភាព ស្ថិរភាព និង ការជំរុញកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរីក ចម្រើនរបស់កម្ពុជា។

ឯកឧត្តមបានបន្តថា មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រ គឺ ជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពី គីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងទៀតថា មហាវិថីនេះ មានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវខេត្ត និងផ្លូវជាតិសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េយលេខ១ (AH-1), ផ្លូវអាស៊ានហាយវ៉េយ លេខ១១ (AH-11), ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយ របស់យើង និងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងដំណើរការសាងសង់ និង គ្រោងបញ្ចប់នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គិតមកដល់ បច្ចុប្បន្ននេះ គម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដែលប្រើប្រាស់ ឥណទានសម្បទាន និងជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ទាំងសាងសង់រួច និងកំពុងសាងសង់មានទំហំទឹកប្រាក់សរុបប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះផ្លូវថ្នល់មានប្រវែងសរុបប្រមាណ ៤ ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន ១៦ស្ពាន ប្រវែងសរុបប្រមាណ ១៤ ពាន់ម៉ែត្រ។

ឯកឧត្តមបញ្ជាក់ថា៖”ទាំងអស់នេះ គឺជាសមិទ្ធផល និងការរីកចម្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលយើងទាំងអស់គ្នាបានឃើញដោយផ្ទាល់នឹងភ្នែក និងបានទទួលផលពីការ អភិវឌ្ឍ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ និងឥស្សរជនបន្តវេនរបស់កម្ពុជា ដែលបាន បង្កើតពង្រីក និងបន្តរក្សាទំនាក់ទំនងការទូតបានយ៉ាងល្អប្រសើរជាមួយបណ្តាប្រទេសនៅក្នុង តំបន់ និងសកលលោក ជាពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន”។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការក៏បានលើកឡើងថាដោយពិធីនាថ្ងៃនេះប្រារព្ធឡើងចំខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨ -១៩ កក្កដា ២០២៤)។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រ កម្ពុជាគ្រប់កាលៈទេសៈ និងគ្មានលក្ខខណ្ឌស្មុគស្មាញ ក្នុងការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ជាពិសេសការការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត៕