នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការបំភ្លឺករណីជនស៉ីវិល ពាក់កាតដែលមានសញ្ញានគរបាលព្រហ្មទណ្ឌ ពាក់ព័ន្ធករណីឃាត់មនុស្សនៅខណ្ឌសែនសុខ

0

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មាន​កិត្តិយស​ជម្រាប​ជូន​សាធារណៈជន និង​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ជ្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ជន​ស្លៀក​ស៉ី​វិល​មួយ​ក្រុម (២​នាក់​ពាក់​កាត​មាន​សញ្ញា​នគរបាល​ព្រហ្មទណ្ឌ​) ឃាត់​មនុស្ស​មួយ​ក្រុម​។

ក្រោយ​ឃើញ​បាតុភាព​នៃ​ការ​ចែកចាយ​តាម​បណ្ដាញ​សង្គម ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, នាយកដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ទាន់ និង​រក​ឃើញ​ថា​៖

ក្នុង​ចំណោម​ជន​ស៉ី​វិល​ទាំងនោះ​មាន​ម្នាក់ មន្ដ្រី​នគរបាល​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ (​មិន​មាន​ក្នុង​រូប​) ដែល​នៅ​ពេល​នេះ​នាយកដ្ឋាន​កំពុងធ្វើការ​សួរនាំ​តាម​នីតិវិធី​ជំនាញ​។ ប៉ុន្ដែ​មនុស្ស​២​នាក់​ផ្សេង​ទៀត ដែល​ពាក់​កាត​មាន​សញ្ញា​នគរបាល​ព្រហ្មទណ្ឌ មិនមែន​ជាម​ន្ដ្រី​នគរបាល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ឡើយ​។

ប៉ុន្ដែ​ទោះជា​យ៉ាងណា ករណី​នេះ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ដ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ស្វែ​ករក​អ្នក​ពាក់ព័ន្ធ ព្រមទាំង​ដើមចម​នៃ​ហេតុការណ៍​នេះ​។ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ពី​សាធារណៈ និង​អ្នក​សារព័ត៌មាន​ទាំងអស់​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ