បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

បន្ទាយ​មាន​ជ័យ៖ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​សន្តិសុខ​ថា​មាន​ករណី​លក់ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​មុខ​អគារ​ស្នាក់​នៅ​ម្តុំ​មាត់​អូរ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ ប៉ូ​រ៉ា​មី​ត ភី​ម​សេន ហៅ បត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ថៃ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ឆែក​លើ​ដងខ្លួន​រក​ឃើញ​មាន​វត្ថុ​តាង​ជា​ដូច​គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ក្រហម​ក្បឿង (WY) ចំនួន ១០០​គ្រាប់ ទម្ងន់ ១១,១៦​ក្រាម​,​ទូរស័ព្ទ ចំនួន ០១​គ្រឿង​(​ម៉ាក​OPPO ពណ៌​ខ្មៅ​) ហើយ​នាំ​ខ្លួន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​តាម​នីតិវិធី​។

លោក​វរសេនីយត្រី៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​មក​លក់​ផង និង​ប្រើប្រាស់​ដោយ​ខ្លួនឯង​ផង​។

ដោយ​ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​សៀ​ល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកក្កដា ឆ្នាំ ២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ