ភ្នំពេញ៖ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា បើគិតចាប់ពីដើមឆ្នាំ២០២៤រហូតមកដល់ពេលនេះ កម្ពុជាបាននាំបង្កងកណ្តូប ឬបង្កងប៉ាករស់ជាង២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន ព្រមជាមួយតម្លៃល្អខ្ពស់ជាងមុនផងដែរ។
បញ្ជាក់ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ដែលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុ នាថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវបានឱ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែនៃដើមឆ្នាំនេះដោយសារតែកត្តាអាកាសធាតុក្តៅធ្វើឱ្យការប្រមូលផលបង្កងប៉ាកក្នុងធម្មជាតិមានការថយចុះ ខ្វះបង្កងកណ្តូបលក់ អ្នកទិញគេហ៊ានឱ្យថ្លៃ ហេតុនេះហើយការលក់ចេញរបស់ប្រជានេសាទក៏មានតម្លៃខ្ពស់ទៅតាមនោះដែរ។ ដោយសារកង្វះខាតបង្កងប៉ាកនេះហើយទើប ដូចគេនិយាយថា លាភស្ថិតនៅក្នុងគ្រោះ ដោយសារតែបង្កងមានតិច តែប្រជានេសាទយើងក៏លក់បានក្នុងតម្លៃមួយខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបានមានប្រសាសន៍ថា នៅថ្ងៃខាងមុខនេះបើមានការនាំចេញទៅកាន់ទីផ្សារកាន់តែច្រើននោះ ក្រសួងនឹងជំរុញឱ្យមានការចិញ្ចឹមក្នុងស្រុក ដើម្បីធ្វើយ៉ាងណាឱ្យការនាំចេញកាន់តែច្រើនឡើងតាមតម្រូវទីផ្សារក្រៅប្រទេស។
សូមបញ្ជាក់ថាការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាក ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ដោយមានចំនួន៤៥គីឡូក្រាម។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក បានបញ្ជាក់ដែរថា មានបង្កងកណ្តូបរស់ចំនួន១០៩៥ គីឡូក្រាមត្រូវបាននាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣៕