កណ្តាល៖ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និង ព្រះរាជអាជ្ញារងខេត្តកណ្តាលបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍ នេសាទខុសច្បាប់គឺ អំភ្លីឆក់ត្រីមួយកន្លែងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និងចែកចាយ នូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្រោយពីជនសង្ស័យបានបង្ហោះលើ បណ្តាញសង្គមតិកតុកដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈ ករណីនេះជនសង្ស័យបានសារភាពថាគេពិតជាបានលួចផលិតមែន និងបានចែក ចាយ លក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូស នូវវត្ថុតាង ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយ សារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។
ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាង ណាលុបបំបាត់បទល្មើសនេសាទខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេសាទ ឬលួចផលិតឧបករណ៍នេសាទខុស ច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕