កំពង់ធំ៖ ដោយសារតែភ្លៀងធ្លាក់រយៈពេលពីរបីថ្ងៃជាប់គ្នានៅស្រុកសណ្ដាន់ ធ្វើឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសែន ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងផ្លូវកៅស៊ូជាច្រើនកន្លែង។
កាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលផ្លូវមួយចំនូនដែលទឹកហូរច្រោះដោយសារជំនន់ទឹកភ្លៀងនៅផ្លូវលំបឹងក្រញ៉ាក និងផ្លូវក្រាលកៅស៊ូនៅចំណុចបឹងម្រឹក ភូមិងន ឃុំងន និងអញ្ជើញទៅមើលការជួសជុលស្ពានមួយកន្លែងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ដែលបាន និងកំពុងសាងសង់ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ និងមេឃុំ ព្រមទាំងសហគមន៍។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្ពានដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកស្ទឹងសែននោះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ ភូមិត្រូវចុះពិនិត្យស្ថានភាពជាក់ស្ដែងជាប្រចាំព្រោះថារហូតមកដល់ពេលនេះភ្លៀងនៅបន្តធ្លាក់ នៅស្រុកសណ្ដាន់រៀងរហូត។ ករណីនេះបណ្ដាលឱ្យផ្លូវ លូជាច្រើនកន្លែងត្រូវបានទឹកហូរកាត់ និងបាក់ស្រុត ដែលត្រូវរាយការណ៍ជាបន្ទាន់ និងបានណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ពិសេសរថយន្តធុនធ្ងន់ធ្វើចរាចរណ៍តាមគោលដៅដែលមានទឹកហូរកាត់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទឹកស្ទឹងសែន ស្ថានីយ៍ស្រុកសណ្ដាន់ទឹកមានកម្ពស់១៧,៦៦ម៉ែត្រ ដោយកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ១៨,៥០ម៉ែត្រ។ ចំពោះស្ថានីយ៍កំពង់ធំវិញ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដានេះ ទឹកមានកម្ពស់១២,៥៧ម៉ែត្រ គឺខ្ពស់ជាងឆ្នាំ២០២៣ក្នុងរយៈពេលដូចគ្នា ដោយកម្រិតទឹកដែលត្រូវប្រកាសអាសន្នគឺ១៣,៥០ម៉ែត្រ៕